(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រជាន់ខ្ពស់អាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋ បាននិយាយថាហានិភ័យនៃការផ្ទុះសង្រ្គាមជាមួយចិន ដើម្បីកោះតៃវ៉ាន់ គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត បន្ទាប់ពីឧត្ដមសេនីយ៍កងទ័ពអាកាសអាមេរិកម្នាក់បានបង្កឱ្យមានភាពភ្ញាក់ផ្អើល នៅក្នុងកំណត់ហេតុមួយដែលលោកបានព្យាករថាសង្រ្គាមអាចនឹងផ្ទុះឡើងក្នុងពេល ២ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

នៅក្នុងកំណត់ហេតុមួយចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ឧត្ដមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Mike Minihan បានព្រមានថាសង្រ្គាមរវាង អាមេរិក និងចិន ដើម្បីកោះតៃវ៉ាន់អាចនឹងផ្ទុះឡើងនៅឆ្នាំ២០២៥។ ជុំវិញការព្រមាននេះដែរ លោក Michael McCaul ជាប្រធានថ្មីនៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាការគិតរបស់លោក Mike Minihan គឺជារឿងត្រឹមត្រូវ។ លោក Michael បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏សង្ឃឹមដែរថា គាត់គិតខុស...ប៉ុន្តែខ្ញុំយល់ថាការគិតរបស់លោកពិតជារឿងត្រឹមត្រូវ ដោយលទ្ធភាពផ្ទុះសង្រ្គាមជាមួយចិនដើម្បីតៃវ៉ាន់ និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានកម្រិតខ្ពស់បំផុត»។ ប៉ុន្តែខាងសេតវិមាន មិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការលើកឡើងរបស់លោក Michael McCaul នោះទេ ខណៈការកត់សម្គាល់របស់លោក Minihan មិនមែនឆ្លុះបញ្ចាំងពីការយល់ឃើញរបស់មន្ទីរបញ្ចកោណនោះទេ ។

គួរបញ្ជាក់ថា បើតាមលោក Mike Minihan ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ២០២៤ អាចនឹងផ្ដល់លេសឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រើប្រាស់កម្លាំងយោធា ខណៈសហរដ្ឋអាមេរិកអាចនឹងជាប់រវល់នឹងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ពោលគឺការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤ដែរ៕