(​អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បានបង្ហាញសញ្ញាជាវិជ្ជមានថាទីក្រុងអង់ការ៉ា អាចនឹងយល់ព្រមឱ្យប្រទេសហ្វាំងឡង់ចូល NATO​ ប៉ុន្តែអាចនឹងរារាំងស៊ុយអែត មិនឱ្យចូលបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ការលើកឡើងបែបនេះរបស់លោក អឺដូហ្កាន់ កើតមានឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា បានសម្រេចចិត្តផ្អាកកិច្ចពិភាក្សាជុំវិញសំណើសុំចូលជាសមាជិក NATO​ ជាមួយហ្វាំងឡង់ និងស៊ុយអែត ក្រោយបាតុកម្មតវ៉ាមួយនៅក្នុងទីក្រុងស្ដុកខុល របស់ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលស៊ុយអែត មានការដុតបំផ្លាញសេចក្ដីចម្លងគម្ពីគួរអាននៃសាសនាអ៉ីស្លាម។ នៅក្នុងសុន្ទរកថាមួយដែលត្រួវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ដូច្នេះថា «យើងអាចបញ្ជូនសារ ដាច់ដោយឡែកមួយទៅកាន់ហ្វាំងឡង់ (ជុំវិញសំណើសុំចូល NATO) រីឯស៊ុយអែតវិញអាចនឹងកត់ស្លុត នៅពេលពួកគេបានឃើញសាររបស់យើង»។ ប៉ុន្តែ ហ្វាំងឡង់ក៏មិនគួរប្រព្រឹត្ត ទង្វើដូចដែលស៊ុយអែតបានធ្វើនោះដែរ»

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានបោះបង់ចោលជំហរអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធយោធារបស់ខ្លួនដោយដាក់ពាក្យស្នើសុំចូល NATO​ កាលពីឆ្នាំ២០២២ ដោយសារតែ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ដើម្បីអាចចូលក្នុងបក្សសម្ព័ន្ធយោធាមួយនេះ ប្រទេសទាំង២ ត្រូវការនូវការយល់ព្រមពីប្រទេសជាសមាជិកទាំង៣០ ប៉ុន្តែ តួកគី និងហុងគ្រី គឺជាប្រទេសតែ២គត់ ដែលមិនទាន់អនុម័តលើសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត៕