(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានបញ្ជាក់ជាថ្មីឡើងវិញថាអាល្លឺម៉ង់នឹងមិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែននោះទេ ខណៈទីក្រុង កៀវ អំពាវនាវឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗមកបន្ថែម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំងជំនាន់ទី៤ នៅចំពោះមុខការព្រមានថារុស្ស៉ីអាចនឹងបើកការវាយលុក ទ្រង់ទ្រាយធំថ្មីមួយឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

លោក អូឡាហ្វ សូលស៍ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ ថាកស្ពីហ្គែល (Tagesspiegel) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន ដោយទីក្រុងបែរឡាំងក៏បានអនុញ្ញាតឱ្យប្រទេសអឺរ៉ុបដទៃផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួន សម្រាប់ទាហានអ៊ុយក្រែនផងដែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍នោះ លោកអធិការបតីអាល្លឺម៉ង់បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំត្រឹមអាចផ្ដល់យោបល់ប្រឆាំងនឹងការរត់ប្រណាំងប្រជែងគ្នា ដើម្បីបញ្ជូនអាវុធឱ្យអ៊ុយក្រែន... ហើយខណៈការសម្រេចចិត្តផ្ដល់រថក្រោះត្រូវបានធ្វើឡើង ការជជែកដេញដោលពីការផ្ដល់យន្ដហោះចម្បាំងដែលបានចាប់ផ្ដើមឡើងរួចទៅហើយក្នុងប្រទេសអាល្លឺម៉ង់ មិនគួរបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរ ឬបំផ្លាញទំនុកចិត្តនៃប្រជាជនអាល្លឺម៉ង់លើការសម្រេចចិត្តរបស់រដ្ឋាភិបាលនោះទេ»។

គួរបញ្ជាក់ថា បើតាមលោក អូឡាហ្វ សូលស៍ ការរក្សាកិច្ចសន្ទនាជាមួយលោកប្រធានាធិបតី ពូទីន នៅតែមានសារៈសំខាន់ ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមរវាង NATO​ និងរុស្ស៉ី ផ្ទុះឡើង ហើយថាលោកផ្ទាល់នឹងបន្តរក្សាការទំនាក់ទំនងពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន ប៉ុន្តែលោកអះអាងថាដរាបណា រុស្ស៉ីនៅតែបន្តធ្វើសង្រ្គាមឈ្លានពានរបស់ខ្លួន នៅអ៊ុយក្រែន នោះស្ថានការណ៍សព្វថ្ងៃរវាងរុស្ស៉ី និងអាល្លឺម៉ង់ នឹងមិនមានអ្វីផ្លាស់ប្ដូរឡើយ៕