(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសនៅថ្ងៃអាទិត្យនេះ នូវវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងប៉ាឡេស្ទីន រួមទាំងវិធានការពង្រីកការតាំងទីលំនៅខុសច្បាប់របស់ខ្លួន នៅតំបន់ West Bank ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារបាញ់ប្រហារចំនួនពីរ ចាប់តាំងពីល្ងាចថ្ងៃសុក្រមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។
វិធានការនេះត្រូវបានអនុម័តកាលពីយប់ថ្ងៃសៅរ៍ ដោយខុទ្ទកាល័យសន្តិសុខរបស់នាយករដ្ឋមន្ត្រី ដែលមានសមាសភាពពីរដ្ឋមន្ត្រីស្តាំនិយមជ្រុល និងរដ្ឋមន្ត្រីគាំទ្រការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល។
លោក Netanyahu បាននិយាយថា ផែនការពង្រឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល នឹងត្រូវសម្រេចនៅចុងសប្តាហ៍នេះ ហើយសិទ្ធិជាពលរដ្ឋ និងសិទ្ធិស្នាក់នៅរបស់គ្រួសារអ្នកវាយប្រហារ (ប៉ាឡេស្ទីន) ក៏ដូចជាលំនៅឋានរបស់ពួកគេអាចនឹងត្រូវដកហូតផងដែរ។
កាលពីថ្ងៃសៅរ៍ លោក Netanyahu បាននិយាយថា លោកនឹងពន្លឿនការអនុញ្ញាតឱ្យមានកាំភ្លើងសម្រាប់ពលរដ្ឋអ៊ីស្រាអែល និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូល «អាវុធខុសច្បាប់» ។
គួរបញ្ជាក់ថា ល្ងាចថ្ងៃសុក្រ អ្នកស្រុកប៉ាឡេស្ទីនម្នាក់នៅក្រុងហ្សេរុយសាឡឹមខាងកើត បានបាញ់សម្លាប់ជនជាតិអ៊ីស្រាអែលចំនួន០៧នាក់ និង៣នាក់ផ្សេងទៀតរងរបួស។ កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍ដដែលនេះ ជនជាតិប៉ាឡេស្ទីនអាយុ ១៣ឆ្នាំម្នាក់ក៏បានបាញ់ប្រហារលើក្រុមអ៊ីស្រាអែលមួយក្រុម ដែលធ្វើឲ្យពួកគេពីរនាក់រងរបួសផងដែរ។
ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើងតំបន់ West Bank ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០នាក់ រួមទាំងស្ត្រីអាយុ ៦១ឆ្នាំម្នាក់ផងដែរ៕