(កៀវ)៖ ក្រសួងការបរទេសអ៊ុយក្រែនគ្រោងកោះហៅឯកអគ្គរដ្ឋទូតហុងគ្រីមកត្អូញត្អែរអំពីការលើកឡើង ដែលនាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិចទ័រ អរបាន (Viktor Orban) បាននិយាយអំពីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
ការប្រកាសខាងលើនេះហាក់បង្ហាញពីទំនាក់ទំនងកម្រិតទាបរវាងប្រទេសជិតខាងទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក អូឡេក នីកូលិនកូ (Oleg Nikolenko) បានឲ្យដឹងថា លោក អរបាន បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនជាទឹកដីគ្មានមនុស្ស ហើយប្រៀបធៀបវាទៅនឹងប្រទេសអាហ្វហ្គានីស្ថាន។ អ៊ុយក្រែនចាត់ទុកថា ការអត្ថាធិប្បាយបែបនេះគឺមិនអាចទទួលយកបានទាំងស្រុង។ ទីក្រុង Budapest កំពុងចង់បំផ្លាញទំនាក់ទំនងហុងគ្រី និងអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា «ឯកអគ្គរដ្ឋទូតហុងគ្រីនឹងត្រូវកោះហៅទៅកាន់ក្រសួងការបរទេសអ៊ុយក្រែន ដើម្បីពិភាក្សាដោយស្មោះត្រង់។ យើងរក្សាសិទ្ធិក្នុងការចាត់វិធានការផ្សេងទៀតជាការឆ្លើយតប»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីបាននិយាយថាប្រទេសហុងគ្រីនឹងបោះឆ្នោតវេតូរាល់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលពាក់ព័ន្ធដល់ថាមពលនុយក្លេអ៊ែរ។ ហុងគ្រីមានរោងចក្រនុយក្លេអ៊ែរដែលផលិតដោយរុស្ស៊ី ហើយគ្រោងនឹងពង្រីកថែមទៀត៕