(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាពីឡុតរបស់ខ្លួនត្រូវការពេល៦ខែ ដើម្បីរៀនពីរបៀបប្រើ ហើយអាចនឹងចេះប្រើប្រាស់យន្ដហោះចម្បាំងរបស់លោកខាងលិច ដូចជា យន្ដហោះចម្បាំង F-16 ខណៈទីក្រុងកៀវ កំពុងបង្កើនយុទ្ធនាការអំពាវនាវស្នើសុំយន្ដហោះចម្បាំងជំនាន់ទី៤ ពីបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៉ីសណាត់ (Yuri Ihnat) បានគូសបញ្ជាក់ដូច្នេះថា «ពីឡុតរបស់យើងបាននិយាយថាពួកគេមិនមាន បញ្ហាអ្វីនោះទេ ក្នុងការបញ្ជាយន្ដហោះចម្បាំង F-16 ដោយពួកគេអាចរៀនចេះនៅក្នុងរយៈពេលច្រើនសប្ដាហ៍ ហើយអាចនឹងបញ្ជាយន្ដហោះចម្បាំងនេះក្នុងរយៈពេលកន្លះឆ្នាំ»។ លោក យូរី បន្ថែមថាបច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រើប្រាស់យន្ដហោះចម្បាំង ៤ប្រភេទដែលសល់ពីសម័យសូវៀត។

គួរបញ្ជាក់ថា អ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះបានទទួលជោគជ័យយ៉ាងធំ ក្រោយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ប្រកាសបញ្ជូនរថក្រោះធុនធ្ងន់ឱ្យទីក្រុងកៀវ ខណៈលោក ហ្សេលេនស្គី បានបង្ហាញ ក្ដីរំពឹងថាលោកខាងលិចអាចនឹងបញ្ជូនមីស៊ីលចម្ងាយឆ្ងាយ និងយន្ដហោះចម្បាំងឱ្យទាហានរបស់លោក នៅពេលអនាគត៕