(ប៉ារីស)៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសបារាំង បាននិយាយថាគិតជាសរុបមានរថក្រោះ ៣២១គ្រឿង ដែលត្រូវបានសន្យាផ្ដល់ឱ្យអ៊ុយក្រែន ពីសំណាក់បណ្ដាប្រទេសជាច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣។
លោក វ៉ាឌីម អូមែលសិនកូ (Vadym Omelchenko) ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសបារាំង ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BFM នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក អូមែលសិនកូ បានគូសបញ្ជាក់ដូច្នេះថា «មកទល់នឹងពេលនេះ បណ្ដាប្រទេសជាច្រើនបានសន្យាជាផ្លូវការថានឹងបញ្ជូន រថក្រោះធុនធ្ងន់ ៣២១គ្រឿងសម្រាប់អ៊ុយក្រែន ដោយមានកាលបរិច្ឆេទនៃការប្រគល់ខុសគ្នា ហើយយើងពិតជាត្រូវការជំនួយទាំងនេះឱ្យបានឆាប់តាមតែអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា លោក អូមែលសិនកូ មិនបានបញ្ជាក់លម្អិតថាតើប្រទេសនីមួយៗបានសន្យាផ្ដល់រថក្រោះប៉ុន្មានគ្រឿងនោះទេ ខណៈបណ្ដាប្រទេសលោកខាងលិចជាច្រើន ដឹកនាំដោយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសផ្ដល់រថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែនជាបន្តបន្ទាប់៕