(វ៉ារស្សាវ៉ា)៖ នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញនឹងបញ្ជូនរថក្រោះចំនួន ៦០គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមពីលើរថក្រោះ Leopard 2​ ចំនួន ១៤គ្រឿង ដែលផលិតដោយអាល្លឺម៉ង់ដែលខ្លួនបានសន្យារួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា​ ឆ្នាំ២០២៣។

លោក Mateusz Morawiecki បានប្រាប់ទូរទស្សន៍ CTV News របស់កាណាដាថា​​ «ឥឡូវនេះ យើងត្រៀមបញ្ជូនរថក្រោះទំនើបរបស់យើងចំនួន ៦០គ្រឿង ដែលក្នុងនោះមាន ៣០គ្រឿងជាប្រភេទរថក្រោះ PT-91...បន្ថែមពីលើរថក្រោះអាល្លឺម៉ង់ Leopard 2 ចំនួន ១៤គ្រឿងដែលបានសន្យារួច»

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញ សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់រថក្រោះបន្ថែមនេះ។ តាមរយៈសំណេរលើ Twitter លោកសង្កត់ធ្ងន់ថា «រួមគ្នាយើងនឹងឈ្នះ!»។

គួរបញ្ជាក់ថា ទីក្រុងវ៉ារស្សាវ៉ា ដែលបានដាក់ខ្លួនជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់ទីក្រុងកៀវ បានបញ្ជូនរថក្រោះរាប់រយគ្រឿងរួចមកហើយ ទៅឲ្យប្រទេសជិតខាងរបស់ខ្លួនមួយនេះ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន។

ប្រទេសប៉ូឡូញក៏ជាប្រទេសដ៏សកម្មក្នុងការជំរុញប្រទេសអាល្លឺម៉ង់ឱ្យបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន និងក៏បានជំរុញឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នានេះដែរ៕