(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃសុក្រនេះថា រាល់ការប៉ុនប៉ងណាមួយដើម្បីផាត់ទីក្រុងមូស្គូចេញពីកីឡាអន្តរជាតិ ជុំវិញអ្វីដែលលោកស្រីហៅថាប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែននោះគឺ «នឹងត្រូវបរាជ័យ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។
សេចក្តីអត្ថាធិបាយនេះ ធ្វើឡើងភ្លាមៗបន្ទាប់ទីក្រុងកៀវបាននិយាយថា អ៊ុយក្រែនមិនច្រានចោលការធ្វើពហិការកីឡាអូឡាំពិកទេ ប្រសិនបើអត្តពលិករុស្ស៊ី និងបេឡារុស្សត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ស្ថាប័នកីឡាមួយចំនួនបានហាមឃាត់ក្រុមកីឡា ឬអត្តពលិករុស្ស៊ីមិនឲ្យចូលរួម ដើម្បីការតវ៉ាប្រឆាំងចំពោះសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន៕