(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃសុក្រនេះបាននិយាយថា រដ្ឋាភិបាលជប៉ុននឹងទម្លាក់ចោលអនុសាសន៍របស់ខ្លួន ដែលណែនាំឱ្យពាក់ម៉ាស់នៅកន្លែងបិទជិត និងទម្លាក់ចំណាត់ថ្នាក់ផ្នែកវេជ្ជសាស្ត្រចំពោះជំងឺកូវីដ១៩​ ផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ការផ្លាស់ប្តូរដែលនឹងមានប្រសិទ្ធភាពចាប់ពីដើមខែឧសភា នឹងចាត់ចំណាត់ថ្នាក់ជំងឺកូវីដ១៩ ក្នុងកម្រិតដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដោយធ្លាក់ចុះពីស្ថានភាពបច្ចុប្បន្នរបស់វាដូចទៅនឹងជំងឺរបេង និងជំងឺ SARS ។

លោក Kishida បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយយ៉ាងដូច្នេះថា «ទាក់ទងនឹងការពាក់ម៉ាស់ ដោយមិនគិតពីកន្លែងបិទជិត ឬខាងក្រៅទេ ការសម្រេចចិត្តគឺអាស្រ័យលើបុគ្គល»

លោកបានសង្កត់ធ្ងន់ថា ជប៉ុននឹងបោះជំហានបន្ថែមទៀត ឆ្ពោះទៅរកជីវិតប្រក្រតីជាមួយជំងឺកូវីដ១៩។

ទោះយ៉ាងណា ការស្ទង់មតិដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗបានបង្ហាញថា មនុស្សភាគច្រើននឹងបន្តពាក់ម៉ាស់សម្រាប់គោលបំណងសុខភាពសាធារណៈ បើទោះបីជារដ្ឋាភិបាលបានលុបចោលសេចក្តីណែនាំរបស់ខ្លួនក៏ដោយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងក៏គ្រោងនឹងទម្លាក់ចោលកាតប្បកិច្ចពាក់ម៉ាស់នៅទីបិទជិតចាប់ពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈពេលដែលប្រទេសចិនក៏បានបន្ទន់ជំហរតឹងរឹងរបស់ខ្លួន​ ចំពោះគោលនយោបាយប្រយុទ្ធប្រឆាំងនឹងកូវីដផងដែរ៕