(កៀវ)៖ សង្គ្រាមអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៣៣៧ហើយ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ក្នុងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងតើនឹង អាចមានជំនួបកំពូលណាមួយរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបគ្នាដើម្បីការចរចារកសន្តិភាពនៅមុនសង្គ្រាមនិទាឃរដូវអាចចាប់ផ្តើមនោះបានដែរឬទេ? លោក ហ្សេលេនស្គីបានថ្លែងបង្ហាញថា លោកនឹងមិនជជែកជាមួយលោក វ្ល៉ាឌីមៀ ពូទីននោះឡើយ។ លោក ហ្សេលេនស្គី ថែមទាំងបានប្រើសម្តីហៅលោកពូទីន ជាមនុស្សមិនបានការថែមទៀត។ វិមានក្រឹមឡាំងបានសម្តែងក្តីខឹងសម្បារ ជាខ្លាំង។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានថ្លែងចាត់ទុកលោក ពូទីនជាមនុស្សមិនបានការ ដែលសម្តីនេះបានធ្វើឱ្យវិមានក្រឹមឡាំងខឹងសម្បារជាខ្លាំង។ ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង Sky News នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣, លោក ហ្សេលេនស្គីបានប្រាប់អ្នកកាសែតជាតិអង់គ្លេសឈ្មោះ Kay Burley ថាលោកពូទីនគឺជាមនុស្សគ្មានប្រយោជន៍ទេក្នុងពេលនេះ ដែលការឆ្លើយតបនេះគឺក្នុងសំណួរចង់ដឹងថាតើលោកហ្សេលេនស្គីនឹងចង់ជួបជជែកតទល់មុខគ្នាជាមួយនឹងលោកពូទីនដែរឬទេ?

សំណួររបស់អ្នកកាសែតជាតិអង់គ្លេស នោះគឺចង់ដឹងថាបើសិនជាលោកហ្សេលេនស្គី និងលោក ពូទីន ត្រូវបានស្ថិតតែ២នាក់ក្នុងបន្ទប់មួយជាមួយគ្នា តើនឹងមានអ្វីកើតឡើងហើយនឹងអាចជួយ ដោះស្រាយបានអ្វីខ្លះចំពោះសង្គ្រាមដែលកំពុងកើតឡើង? ប្រមាណ៨វិនាទីក្រោយការឈប់ស្ងាត់ បន្ទាប់ពីការដាក់សំណួរនេះមក លោក ហ្សេលេនស្គីបានថ្លែងតបមកវិញជាភាសាអង់គ្លេសវិញថា «វាមិនសំខាន់សោះសម្រាប់រូបខ្ញុំ, វាមិនសំខាន់ទេចំពោះការជួបគ្នានោះ, វាគ្មានសំខាន់អ្វីដែលនឹងត្រូវនិយាយទៀតនោះឡើយ…ហេតុ អ្វី? ពីព្រោះយើងធ្លាប់បានជួបជាមួយរូបគាត់ នៅក្នុងវេទិកា Normandy ក្នុងប្រទេសបារាំងដែលពេលនោះគឺនៅមុនការធ្វើសង្គ្រាមឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។

លោក ហ្សេលេនស្គី និងលោក ពូទីន នៅក្នុងខែធ្នូ ឆ្នាំ២០១៩ បានជួបគ្នាជាលើកទី១នៅក្នុងកិច្ចប្រជុំកំពូលមួយឈ្មោះ Normandy Format។ ជំនួប នោះគឺក្រោយរយៈពេល៧ខែបន្ទាប់ពី លោក ហ្សេលេនស្គី ទើបបានក្លាយជាប្រធានាធិបតីអ៊ុយក្រែន។ កិច្ចប្រជុំ Normandy Format តាមពិតបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ដែលគោលបំណងគឺចង់ស្វែងរកដំណោះស្រាយសន្តិភាពចំពោះ សង្គ្រាមក្នុងតំបន់ដុនបាស់លើទឹកដីអ៊ុយក្រែន និងបញ្ហានៃតំបន់គ្រីមៀរដែលរុស្ស៊ីបានដាក់ជាតំបន់រណបតាំងពីឆ្នាំ២០១៤នោះផងដែរ។

លោក ហ្សេលេនស្គី បន្តថា «ខ្ញុំបានឃើញលោក ពូទីន នោះដែលជាមនុស្សនិយាយយ៉ាងនេះប៉ុន្តែ បែរជាធ្វើរឿងអ្វីផ្សេងពីការនិយាយនោះ»។ អ្នកកាសែតដដែលបានដាក់សំណួរទៀតថាតើវា យឺតពេលនឹងការជួបជជែកគ្នាមែនដែរឬទេ? លោក ហ្សេលេនស្គីថ្លែងថាវាមិនមែនយឺតនោះទេ ប៉ុន្តែវាមិនសំខាន់។ លោក ហ្សេលេនស្គីដាក់សំណួរថាតើពូទីននោះជានរណា? លោកបន្តថា បន្ទាប់ពីមានការឈ្លានពានពេញទំហឹងនោះមក, ចំពោះខ្ញុំ គឺលោកពូទីននោះលែងជាមនុស្សបានការទៀតនោះហើយ…គាត់ជាមនុស្សមិនបានការនោះទេ។ សម្តីរបស់លោក ហ្សេលេនស្គី ត្រូវបានគេផ្សព្វផ្សាយ និងសម្តីនោះបានធ្វើឱ្យវិមានក្រឹមឡាំង ខឹងសម្បារជាខ្លាំង។ លោក Dmitry Peskov និយាយថាលោក ហ្សេលេនស្គី មិនអាចប្រៀបស្មើនឹងលោក ពូទីននោះបានទេ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងប្រតិកម្មប្រាប់អ្នកសារព័ត៌មានទៅវិញថា តាមពិតគេមិនចាំបាច់ត្រូវផ្តល់ចម្លើយតបទៅវិញនោះទេ។ លោកបន្តថា «គេបានដឹងថាអ្វីដែល លោក ហ្សេលេនស្គីបានធ្វើការសន្យា គឺនៅក្នុងពេលដែលគាត់បានឈរឈ្មោះ ធ្វើឱ្យគេបោះឆ្នោតក្លាយជាប្រធានាធិបតីតែប៉ុណ្ណោះ។ វាមិនពិបាកទេសម្រាប់យើងសម្រាប់ការរំលឹកនូវរឿងទាំងនោះ, វាក៏មិនពិបាកក្នុងការធ្វើឱ្យអ្នកបោះឆ្នោតនឹកឃើញការដែលពួកគេ បានបោះឱ្យរូបគាត់ជាប្រធានាធិបតីនោះដែរ»។ លោក Dmitry Peskov ថ្លែងទៀតថា «លោក ហ្សេលេនស្គី បានត្រៀមទុកនូវ គម្រោងរៀបចំធ្វើសង្គ្រាម…ដូច្នេះលោក ហ្សេលេនស្គីខ្លួនឯង គាត់បានឈប់ធ្វើជាគូប្រកួតប្រជែងដែលមានលទ្ធភាព សម្រាប់លោក ពូទីនជាយូរមកហើយ»

លោក ហ្សេលេនស្គី ក្នុងការឃោសនានៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៩ ក្នុងប្រទេសរបស់ខ្លួន លោកបានដាក់ចេញនូវការសន្យាបញ្ចប់សង្គ្រាមក្នុងតំបន់ដុនបាស។ ភាគីដែលចូលរួមជាសាក្សីនៃ កិច្ចប្រជុំកំពូល Normandy Format ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពដល់ជម្លោះទឹកដីភាគខាងកើតអ៊ុយក្រែននោះ រួមមានរុស្ស៊ី, អ៊ុយក្រែន, បារាំង និងអាល្លឺម៉ង់។ ភាគីទាំង៤បានយល់ព្រម លើភាពចាំបាច់សម្រាប់សន្តិភាព និងការអនុវត្តលើលក្ខខណ្ឌនយោបាយនៃកិច្ចព្រមព្រៀង The Minsk Agreements ។ ប៉ុន្តែស្ថានការណ៍កាន់ទន់ជ្រាយ ដោយមានការចោទប្រកាន់ដាក់គ្នា ទៅវិញទៅមក ជាពិសេសក្តីបារម្ភរបស់រុស្ស៊ីដែលគិតថាអ៊ុយក្រែននឹងក្លាយជាឈ្នាន់សម្រាប់ប្រទេសលោកខាងលិចប្រើប្រាស់ដើម្បីការរំលាយឥទ្ធិពលមហាអំណាចរុស្ស៊ី ដែលកត្តានោះហើយ បាននាំឱ្យការផ្ទុះឡើងនូវសង្គ្រាមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅជាមួយនឹងពាក្យសម្តីដែលថាលោក ហ្សេលេនស្គី មិនអាចប្រៀបស្មើនឹងលោក ពូទីននោះ, មន្ត្រីនាំពាក្យវិមានក្រឹមឡាំងដដែលគឺលោក Dmitry Peskov និយាយចោទទៀតថា គឺលោក ហ្សេលេនស្គី មិនបានដោះស្រាយបញ្ហាអ្វីទាំងអស់ក្នុងតំបន់ដុនបាស់ និងថាលោក ហ្សេលេនស្គី មិនបានបំពេញតាមកិច្ចព្រមព្រៀង The Minsk Agreements ថែមទៀត។ លោក Dmitry Peskov បន្ថែមថាលោក ហ្សេលេនស្គី មិនត្រឹមតែមិនធ្វើតាមកិច្ចព្រមព្រៀង Minsk ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការត្រៀមរៀបចំសង្គ្រាមថែមទៀត។ រុស្ស៊ី និងអ៊ុយក្រែនបានត្រៀមលក្ខណៈរៀងៗ ខ្លួនទុកជាមុន ក្នុងការធ្វើសង្គ្រាមដ៏ធំមួយទៀត ក្នុងរដូវផ្ការីកមកដល់។ កាលពីថ្ងៃពុធ ទី២៥ ខែមករា, សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសការបញ្ជួនរថក្រោះប្រយុទ្ធរបស់ខ្លួនប្រភេទ Abram M1 និង Leopard2 ទៅឱ្យអ៊ុយក្រែន ខណៈបណ្តាប្រទេសមួយចំនួនក្នុងអង្គការណាតូបានសន្យាផ្តល់គ្រឿងឧបករណ៍យោធាផ្សេងៗរៀងៗខ្លួន ជួយដល់អ៊ុយក្រែនដើម្បីត្រៀមធ្វើការវាយប្រហារដើម្បី យកតំបន់ដុនបាស់ពីរុស្ស៊ីមកវិញ។

យោងតាមប្រសាសន៍របស់មេដឹកនាំអាមេរិកលោក ចូ បៃដិន, សហរដ្ឋអាមេរិកនឹងផ្តល់រថក្រោះ M1 Abram ចំនួន៣១គ្រឿង, អាល្លឺម៉ង់ផ្តល់រថក្រោះ Leopard2 ១៤គ្រឿង, ប្រទេសប៉ូឡូញ, អេស្ប៉ាញ, ហ្វាំងឡង់, ហូឡង់ និងប្រទេសណ័រវ៉េ ដែលមានរថក្រោះ Leopard2 ក៏នឹងប្រគល់រថក្រោះផលិតដោយអាល្លឺម៉ង់នោះទៅឱ្យអ៊ុយក្រែនផងដែរ។ លោក ចូ បៃដិនបានថ្លែងថាអ៊ុយក្រែន ត្រូវការលទ្ធភាពនូវកម្លាំងវាយលុកដ៏ខ្លាំងរបស់ខ្លួនមួយសម្រាប់ការវាយដណ្តើមយកមកវិញនូវទឹកដីភាគខាងកើតដុនបាសដែលរុស្ស៊ីបានដាក់ជាតំបន់រណប ក្នុងពេលបើកយុទ្ធនាការវាយលុកដែល បានឈានចូលជិតមួយឆ្នាំមកហើយនេះ។

លោក ចូ បៃដិន បានថ្លែងថាក្នុងរួមគ្នារបស់ប្រទេសលោកខាងលិចជួយអ៊ុយក្រែនដើម្បីធ្វើការវាយបណ្តេញរុស្ស៊ីចេញពីទឹកដីភាគខាងកើតនោះ, ប្រទេសហូឡង់បានជួយផ្តល់ប្រព័ន្ធ មីស៊ីលការពារអាកាស Patriot, ប្រទេសកាណាដា, ស្លូវ៉ាគី, ន័រវែស និងប្រទេសដទៃទៀត ក៏បានជួយផ្តល់នូវប្រព័ន្ធបាញ់ការពារអាកាសផងដែរ។ ចំណែកប្រទេសប៉ូឡូញ បានសន្យាបញ្ជួនរថក្រោះ, ប្រទេសស៊ុយអែតផ្តល់យានយន្តប្រយុទ្ធថ្មើរជើង, ប្រទេសអ៊ីតាលីផ្តល់ កាំភ្លើងត្បាល់ Artillery, ប្រទេសដាណឺម៉ាក និងប្រទេសអេស្តូនី ផ្តល់កាំភ្លើងផ្លោង Howitzers , ប្រទេសឡេតូនី ផ្តល់អាវុធមីស៊ីល Stingers, ប្រទេសលីទុយអានីផ្តល់កាំភ្លើងប្រឆាំងយន្តហោះ និងប្រទេសហ្វាំងឡង់បានប្រកាសកញ្ចប់ដ៏ធំបង្អស់នៃជំនួយសន្តិសុខរបស់ខ្លួន។

លោក ចូ បៃដិន បានថ្លែងបូកសារុបថាគិតចាប់តាំងពីមានការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន នោះមក គឺសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានបញ្ជូនរថក្រោះ និងរថពាសដែកប្រយុទ្ធមាន ចំនួនជាង៣ពាន់គ្រឿង, ប្រព័ន្ធអាវុធ Artillery មានជាង៨ពាន់គ្រឿង, គ្រាប់កាំភ្លើងធំ Artillery មានជាង២លានគ្រាប់ និងប្រព័ន្ធរ៉ុក្កែតទំនើបមានជាង៥០គ្រឿង។ លោកបានប្រាប់ដល់រុស្ស៊ីត្រូវដក កម្លាំងទាហានរបស់ខ្លួនចូលក្នុងទឹកដីរុស្ស៊ីវិញដែលនឹងជួយឱ្យសង្គ្រាមនឹងបញ្ចប់។ រុស្ស៊ីបានប្រតិកម្មថាទង្វើរបស់លោកខាងលិចគឺជាការបង្កើនឱ្យសង្គ្រាមក្នុងអ៊ុយក្រែនកាន់ តែពុះកញ្ជ្រោល។ នៅថ្ងៃទី២៦ ខែមករា គឺមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសនូវជំនួយរថក្រោះរបស់ខ្លួននោះមក, រុស្ស៊ីបានធ្វើការវាយប្រហារដ៏ខ្លាំងក្លាតាមផ្លូវ អាកាសដាក់លើបណ្តាក្រុងរបស់ អ៊ុយក្រែនក្នុងនោះរដ្ឋធានីកៀវក៏បានរងនឹងការបាញ់ប្រហារខ្លាំងជាងគេផងដែរ។

អគារចំនួន៣៥បានរងការខូចខាតដោយសារការវាយប្រហារនិងមាន មនុស្ស១១នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស។ មន្ត្រីយោធាអ៊ុយក្រែនបានថ្លែងថាក្នុងការវាយប្រហារ បាញ់ស្រោចដាក់លើបណ្តាក្រុងអ៊ុយក្រែននោះ ក្នុងចំណោមគ្រាប់មីស៊ីល៥៥គ្រាប់របស់រុស្ស៊ី គឺមាន៤៧គ្រាប់ត្រូវបានប្រព័ន្ធការពារអាកាសបាញ់ទម្លាក់ក្នុងនោះ ២០គ្រាប់ត្រូវបានបាញ់ទម្លាក់ នៅក្នុងក្រុងកៀវ។ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមករាដដែលនោះផងដែរ ក្រៅពីការបាញ់ប្រហារដោយគ្រាប់មីស៊ីល, ដ្រូនផលិតដោយអ៊ីរ៉ុងជាច្រើនដែលរុស្ស៊ីបាន បាញ់បង្ហោះចេញមកពីសមុទ្ទ Azov ភាគខាងត្បូងប្រទេស ក៏ត្រូវបានអ៊ុយក្រែនអះអាងការ បាញ់ទម្លាក់ជាច្រើនទៀតផងដែរ៕