(បាគូ)៖ ក្រសួងការបរទេសអាស៊ែបៃហ្សង់ បានឱ្យដឹងថា មានបុរសម្នាក់ប្រដាប់ដោយកាំភ្លើងប្រភេទ AK-47 បានបាញ់សម្លាប់ មន្រ្តីម្នាក់ដែលទទួលបន្ទុកផ្នែកសន្តិសុខ នៅឯស្ថានទូតប្រទេសរបស់ខ្លួន ប្រចាំនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ ខណៈសន្តិសុខស្ថានទូត២នាក់ទៀត ក៏បានទទួលរងរបួសផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ជាយូរមកហើយ អ៉ីរ៉ង់ដែលជាប្រទេសមាន ជនជាតិដើមអាស៊ែបៃហ្សង់រាប់លាននាក់កំពុងរស់នៅ បានចោទប្រកាន់ទីក្រុងបាគូថា ព្យាយាមបំផុសឱ្យមានគំនិតបំបែករដ្ឋនៅក្នុងទឹកដីរបស់ខ្លួន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺពុំមានភាពល្អប្រសើរទេ ដោយសារតែ អាស៊ែបៃហ្សង់គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់តួកគី ដែលជាគូបដិបក្ខជាប្រវត្តិសាស្រ្តរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ទន្ទឹមគ្នា ទីក្រុងតេហេរ៉ង់ ក៏មានមន្ទិលសង្ស័យចំពោះកិច្ចសហប្រតិបត្តិការយោធា របស់អាស៊ែបៃហ្សង់ជាមួយ​អ៉ីស្រាអែល ដែលជាអ្នកផ្គត់ផ្គង់អាវុធចម្បងមួយរបស់ទីក្រុងបាគូថែមទៀតផង ខណៈបើយោងតាមការអះអាងរបស់អ៉ីរ៉ង់ គឺទីក្រុងតែលអាវីវ អាចនឹងប្រើប្រាស់ទឹកដីរបស់អាស៊ែបៃហ្សង់ ធ្វើជាទីតាំងដ៏សំខាន់ដើម្បីវាយប្រហារប្រឆាំងមកលើខ្លួន៕