(បាងកក)៖ គណបក្សកាន់អំណាចថៃ នៅថ្ងៃសុក្រនេះ បានប្រកាសតែងតាំងឧបនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) ជាបេក្ខជនរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតសកល នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

លោក ផៃប៊ុល នីទីតាវ៉ាន់ (Paibul Nititawan) អនុប្រធានគណបក្ស ផាឡាង ប្រាចារ៉ាត់ (Palang Pracharath ឬ PPRP) បានប្រកាស​ដូច្នេះថា «ពួកយើងបានឯកភាពគ្នាជាឯកច្ឆន្ទក្នុងការតែងតាំង លោក ប្រាវីត វង់ស៊ូវ៉ាន់ ជាបេក្ខជននាយករដ្ឋមន្រ្តីតែមួយគត់របស់​គណបក្សយើង»។ ខណៈកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់ក៏ដោយ បើតាមរដ្ឋធម្មនុញ្ញាតថៃ គឺការបោះឆ្នោតសកលចាំបាច់ត្រូវតែរៀបចំឡើង មិនឱ្យលើសពីខែឧសភា ឆ្នាំនេះឡើយ។

លោក ប្រាវីត នឹងត្រូវប្រកួតប្រជែងជាមួយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា ដែលនឹងដឹកនាំយុទ្ធនាការសម្រាប់​គណបក្សទើបបង្កើតថ្មីគឺ គណបក្សរួមថៃសាងជាតិ (Ruam Thai Sang Chart)។ លោក ប្រាយុទ្ធ បានឡើងកាន់អំណាចដំបូង ក្នុងនាមជាប្រមុខរដ្ឋាភិបាលយោធា តាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ហើយក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតឆ្នាំ២០១៩។ លោក ប្រាយុទ្ធ និងលោក ប្រាវីត ដែលសុទ្ធតែជាអតីតមេបញ្ជាការយោធា គឺជាសម្ព័ន្ធមិត្តជិតដិតនឹងគ្នា អំលុងការកាន់អំណាចនៃរបបយោធា ហើយលោក ប្រាយុទ្ធ គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្ស ផាឡាង ប្រាចារ៉ាត់ កាលពីឆ្នាំ២០១៩។

ចំណែក គណបក្សប្រឆាំងធំជាងគេរបស់ថៃវិញ គឺគណបក្សភឿថៃ (Pheu Thai) ត្រូវគេរំពឹងថា នឹងតែងតាំងអ្នកនាង ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ឱ្យធ្វើជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ខ្លួន។

គួរបញ្ជាក់ថា ស្របពេលដែលអ្នកនាង ផែថងថាន និងបក្សភឿថៃ ទទួលបានការគាំទ្រយ៉ាងរឹងមាំ ក្នុងការស្ទង់មតិជាបន្តបន្ទាប់​នាពេលកន្លងមកនេះក៏ដោយ រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នដែលត្រូវបានធ្វើវិសោធនកម្ម នៅក្រោមសម័យរដ្ឋាភិបាលយោធា គឺអនុញាតឱ្យគណបក្សដែលមានទំនាក់ទំនងជាមួយយោធា មានប្រៀបខ្ពស់។ តួយ៉ាងដូចកាលពីក្នុងឆ្នាំ២០១៩ គណបក្សភឿថៃឯណោះទេ ដែលបានទទួលជ័យជម្នះនាំមុខគេនៅក្នុងសភា ប៉ុន្តែបក្ស ផាឡាង ប្រាចារ៉ាត់ ទៅវិញ ដែលអាចបង្កើតរដ្ឋាភិបាលចម្រុះ ហើយ​តែងតាំងលោក ប្រាយុទ្ធ ជានាយករដ្ឋមន្រ្តី៕