(ឌូបៃ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថានឹងបើកការស៊ើបអង្កេតឡើងវិញលើការចោទប្រកាន់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតមាននៅក្នុង ប្រទេសហ្វីលីពីន ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលនាំឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ICC បានឲ្យដឹងថា ខ្លួនមិនពេញចិត្តចំពោះដំណើរការរបស់ហ្វីលីពីន ដែលនាំឲ្យមានការពន្យារពេលដល់ការស៊ើបអង្កេត របស់តុលាការអន្តរជាតិនេះទេ។ ICC បន្តថាគំនិតផ្តួចផ្តើម និងដំណើរការស៉ើបអង្កេតក្នុងស្រុកផ្សេងៗ ដែលត្រូវបានវាយតម្លៃជាសមូហភាព គឺមិនមែនជាជំហាននៃការស៊ើបអង្កេត ជាក់ស្តែង ដែលអាចផ្តល់ការពិត ឆ្លុះបញ្ចាំងគ្រប់គ្រាន់មកឲ្យតុលាការអន្តរជាតិនោះទេ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ បានប្រកាសកាលពីខែមីនា ឆ្នាំ២០១៨ ថាលោកនឹងដកហ្វីលីពីនចេញពីសមាជិករបស់ ICC ដែលជាការសម្រេចចិត្តចូលជាធរមាន មួយឆ្នាំក្រោយមក ហើយថារដ្ឋាភិបាលរបស់លោកនឹងមិនសហការជាមួយនឹងការស៊ើបអង្កេតណាមួយឡើយ។ ចំណែក ICC មានយុត្តាធិការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ត្រឹមខែមីនា ឆ្នាំ២០១៩ ប៉ុណ្ណោះមុនពេលការដកខ្លួនរបស់ហ្វីលីពីនជាផ្លូវការចេញពីតុលាការអន្តរជាតិមួយនេះ។

អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១ ធ្លាប់បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា មនុស្សជាង ៨,៦៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ឌូតឺតេ ប៉ុន្តែខាងអង្គការសិទ្ធិមនុស្សក្នុងប្រទេសហ្វីលីពីនបានអះអាងថាចំនួនអ្នកស្លាប់គឺមានច្រើនជាងនេះ៕