(អូតាវ៉ា)៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណាន់ (Anita Anand) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា ប្រទេសកាណាដានឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ចំនួន៤គ្រឿងទៅកាន់អ៊ុយក្រែន បន្ទាប់ពីអាល្លឺម៉ង់នៅក្នុងសប្តាហ៍នេះបានអនុញ្ញាតឲ្យប្រទេសផ្សេងទៀតនាំចេញរថក្រោះដែលខ្លួនផលិត។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

លោកស្រី អាណាន់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអូតាវ៉ា (Ottawa) យ៉ាងដូច្នេះថា «ការបរិច្ចាគនេះ គឺជាការរួមចំណែកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីដល់ ជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រកាសជាផ្លូវការពីការសម្រេចចិត្តផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ឲ្យអ៊ុយក្រែន ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនរថក្រោះ Abrams ៣១គ្រឿង រីឯទីក្រុងបែរឡាំងយល់ព្រមផ្ដល់រថក្រោះខា្លរខិន «Leopard 2» ១៤គ្រឿងដល់ទីក្រុងកៀវ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់ ក៏នឹងផ្តល់ការអនុញ្ញាតដល់បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឲ្យអ៊ុយក្រែនផងដែរ៕