(ប៉ាឡេស្ទីន)៖ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសនៅថ្ងៃព្រហស្បតិ៍នេះ អំឡុងពេលការវាយឆ្មក់ដោយកងកម្លាំងយោធាអ៊ីស្រាអែលនៅតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។
ការវាយឆ្មក់នេះត្រូវបានមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានពិពណ៌នាថា ជាប្រតិបត្តិការដ៏កាចសាហាវទៅលើជំរុំជនភៀសខ្លួនក្នុងទីក្រុង Jenin ដែលជាទីតាំងដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។
សាក្សីប៉ាឡេស្ទីន និងប្រភពពីអ្នកស្រុកបាននិយាយថា ទាហានអ៊ីស្រាអែលមួយក្រុម ដែលគាំទ្រដោយគ្រឿងចក្រឈូសឆាយ និងរថពាសដែក បានសម្រុកចូលជំរំជនភៀសខ្លួន ដើម្បីចាប់ខ្លួនសកម្មជន និងសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ចំណែកខាងភាគីយោធាអ៊ីស្រាអែលបានត្រឹមបញ្ជាក់ថា មានប្រតិបត្តិការមួយកំពុងបន្តនៅក្នុងក្រុង Jenin ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចាប់តាំងពីដើមខែមករាមក ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបាននិងកំពុងកើនឡើង ដោយមានជនជាតិប៉ាឡេស្ទីនជាង ២០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសដោយទាហានអ៊ីស្រាអែល៕