(យូអិន)៖ ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ (UN) បានដាក់បញ្ចូលមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ នៃទីក្រុងកំពង់ផែសមុទ្រខ្មៅអូដេសា (Odesa) របស់អ៊ុយក្រែន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ខ្លួន ដើម្បីទទួលស្គាល់នូវ «តម្លៃជាសកលដ៏អស្ចារ្យនៃទីតាំងនេះ ដែលមនុស្សជាតិទាំងអស់មានកាតព្វកិច្ចការពារ» ចំពេលដែលទីក្រុងមួយនេះ កំពុងប្រឈមមុខនឹងការគំរាមកំហែង នៃការបំផ្លិចបំផ្លាញ ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

សមាជិកទាំង២១នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានអនុម័តនូវការសម្រេចចិត្តនេះ ជាមួយសំឡេងគាំទ្រចំនួន៦ សំឡេងប្រឆាំង១ និង១៤សំឡេង អនុប្បវាទ។ ចំណែក រុស្ស៉ីដែលបាននឹងកំពុងឈ្លានពានអ៊ុយក្រែន ហើយទម្លាក់គ្រាប់បែកជាច្រើនលើកលើទីក្រុងអូដេសា បានព្យាយាមពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀត។

ប្រមុខអង្គការយូណេស្កូ លោក អ៊ូតដ្រេ អាហ្ស៊ូឡេ (Audrey Azoulay) បានគូសបញ្ជាក់បន្ទាប់ពីការសម្រេចចិត្តថា «ខណៈសង្រ្គាមនៅតែបន្ត សិលាចារឹកនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីធានាថាទីក្រុងនេះ ត្រូវបានការពារពីការបំផ្លិចបំផ្លាញបន្ថែមទៀត»។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានដាក់សំណើរទៅកាន់ UNESCO បានសម្តែងការស្វាគមន៍ចំពោះការអនុម័តនេះ។

គួរបញ្ជាក់ថា ដោយត្រូវបានបង្កើតឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនៃសតវត្សទី១៨ ទីតាំងរបស់ទីក្រុងអូដេសា នៅលើច្រាំងសមុទ្រខ្មៅ បានប្រែក្លាយទីក្រុងនេះទៅជាកំពង់ផែដ៏សំខាន់បំផុតមួយ កាលពីសម័យអតីតចក្រភពរុស្ស៊ី។ ទោះបីជាទីក្រុងនេះបានរងការខូចខាតខ្លះៗក្នុងសម័យសង្គ្រាមលោកលើកទី២ក៏ដោយ តែរចនាបទភាគច្រើននៃអគារ ក្នុងសតវត្សរ៍ទី១៩ នៅបន្សល់ទុកនៅដដែល។ ក្នុងនាមជាទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្ម បានធ្វើឲ្យទីក្រុងអូដេសា ក្លាយទៅជាទីក្រុងដ៏ចម្រុះបំផុតមួយ នៅតំបន់អឺរ៉ុបខាងកើត៕