(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា អ្នកការទូតរុស្ស៉ីមានសរុបប្រហែល៥៧៤នាក់ ដែលត្រូវបានបណ្តេញចេញពីក្រុមប្រទេសលោកខាងលិច ហើយនិងសម្ព័ន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៉ីហ្វិក ចាប់តាំងតែពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

ក្រុមអ្នកការទូតខាងលើត្រូវបានបណ្តេញចេញក្រោមហេតុផលផ្សេងៗ ដែលរួមមានការពាក់ព័ន្ធទៅនឹងស្ថានការណ៍អ៊ុយក្រែនផ្ទាល់ ព្រមទាំងការចោទប្រកាន់អំពីការប្រព្រឹត្តសកម្មភាព ដែលមិនសមស្របជាមួយតួនាទីជាអ្នកការទូត។ ក្នុងចំណោមនោះ ប៊ុលហ្ការីជា​​ប្រទេស ដែលបណ្តេញអ្នកការទូតរុស្ស៉ីច្រើនជាងគេគឺ៨៣នាក់។

បន្ទាប់មក ៤៥នាក់ត្រូវបានបណ្តេញចេញពីប៉ូឡូញ, ៤០នាក់ពីអាល្លឺម៉ង់, ៣៥នាក់ពីស្លូវ៉ាគី, ៣៥នាក់ពីបារាំង, ៣៣នាក់ពីស្លូវ៉ានី, ៣០នាក់ពីអ៉ីតាលី, និង២៨នាក់ពីសហរដ្ឋអាមេរិក។ សរុបជារួម ប្រទេសអឺរ៉ុបចំនួន២៩ ព្រមទាំងសហរដ្ឋអាមេរិកនិងជប៉ុន បានចាត់វិធានការបណ្តេញអ្នកការទូតរុស្ស៉ី។ មិនតែប៉ុណ្ណោះ បុគ្គលិករុស្ស៉ី១៩នាក់ ក៏ត្រូវបានបណ្តេញចេញពីបេសកកម្មរុស្ស៉ី ប្រចាំ​នៅសហភាពអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសអឺរ៉ុបដូចជាឡេតូនី អេស្តូនី និងលីទុយអានី បាននាំគ្នាបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយទីក្រុងមូស្គូ។ ស្ថានកុលស៊ុលរុស្ស៉ីនៅប៊ុលហ្ការី ឡេតូនី លីទុយអានី និងអេស្តូនី គឺត្រូវបានបិទទ្វារ។ រីឯទំនាក់ទំនងការទូតរវាងរុស្ស៉ីនិងអ៊ុយក្រែន ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃឈ្លានពាន៕