(ស្តុកខុល)៖ ក្រុមរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប (EU) កំពុងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការរឹតបន្តឹងទិដ្ឋាការ និងការសម្របសម្រួលកាន់តែប្រសើរឡើងនៅក្នុងប្លុក ដើម្បីអាចបញ្ជូនពលរដ្ឋ ដែលគ្មានសិទ្ធិជ្រកកោនបន្ថែមទៀត ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ រួមទាំងប្រទេសអ៉ីរ៉ាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

៣ឆ្នាំបន្ទាប់ពីប្រទេសទាំង២៧ នៃប្លុក EU បានព្រមព្រៀងគ្នារឹតត្បិតទិដ្ឋាការសម្រាប់ប្រទេស ដែលមិនបានសហការ ក្នុងការទទួលប្រជាជនរបស់ពួកគេត្រឡប់មកវិញនោះ គឺមានតែប្រទេសហ្កំប៊ីប៉ុណ្ណោះ ដែលបានទទួលរងចំណាត់ការពិន័យ ជាផ្លូវការ។ គណៈកម្មការអឺរ៉ុបដែលជាស្ថាប័ននីតិប្រតិបត្តិរបស់ EU បានស្នើដាក់ចេញនូវវិធានការស្រដៀងគ្នាចំពោះអ៉ីរ៉ាក់ សេណេហ្កាល់ និងបង់ក្លាដែស ប៉ុន្តែកិច្ចសហការជាមួយទីក្រុងដាកា គឺហាក់បានប្រសើរឡើង។ យ៉ាងណាក៏ដោយ អត្រានៃការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅវិញដោយប្រសិទ្ធភាព ជារួមរបស់ EU គឺមានចំនួន ២១% ក្នុងឆ្នាំ២០២១ប៉ុណ្ណោះ ខណៈវាគឺជាជាកម្រិតមួយដែលបណ្តាប្រទេសជាសមាជិក EU ចាត់ទុកជា កម្រិតទាបមិនអាចទទួលយកបាន។

គួរបញ្ជាក់ថា ការជួបប្រជុំគ្នាខាងលើរវាងក្រុមមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ គឺកើតមានឡើងពីរសប្តាហ៍មុនពេលមេដឹកនាំ ទាំង២៧ប្រទេសនៃប្លុកនេះ ត្រូវជួបគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ ហើយត្រូវបានគេរំពឹងថា នឹងអំពាវនាវឲ្យមានចំណាត់ការបញ្ជូនពលរដ្ឋបរទេស ត្រឡប់ទៅកាន់ប្រទេសកំណើតវិញបន្ថែមទៀត៕