(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះបានបញ្ជាក់ថា កងទ័ពរបស់ខ្លួនបានដកចេញពីក្រុងសូឡេដា (Soledar) ដែលស្ថិតនៅភាគខាងកើតប្រទេស ជិតពីរសប្តាហ៍បន្ទាប់ពីទាហានរុស្ស៊ី បានប្រកាសដណ្តើមបានទីក្រុងជីកយករ៉ែអំបិលតូចមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

សារព័ត៌មានរដ្ឋ ស៊ូស្ពីលណេ (Suspilne) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក សឺហ៉ី ឆេរ៉េវ៉ាតយី (Serhiy Cherevatyi) ដែលបានគូសបញ្ជាក់ថា «ដើម្បីការពារ ជីវិតទាហានរបស់យើង កងកម្លាំងការពារជាតិបានដកខ្លួនចេញពីទីក្រុង Soledar ហើយ។ ប៉ុន្តែកងកម្លាំងរបស់យើងបានបំពេញភារកិច្ចចម្បងរបស់ពួកគេ ដោយមិនអនុញ្ញាតឲ្យសត្រូវ វាយលុកខ្សែការពារនៅតំបន់ដូណេត (Donetsk)» នោះទេ។ លោក ឆេរ៉េវ៉ាតយី បានបន្ថែមថា «គ្មានកម្លាំងអ៊ុយក្រែននៅចំណុចណាមួយត្រូវបានឡោមព័ទ្ធនៅទីក្រុង Soledar ក្នុងអំឡុងពេលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ហើយក៏គ្មានអ្នកទោសសង្គ្រាមអ៊ុយក្រែនណាមួយត្រូវបានគេចាប់នោះដែរ»

គួរបញ្ជាក់ថា ទីក្រុងសូឡេដា ដែលមានប្រជាជនរស់នៅចំនួន ១០,០០០នាក់មុនពេលមានសង្គ្រាម បានក្លាយជាចំណុចកណ្តាលនៃការវាយលុករបស់រុស្ស៊ី អស់រយៈពេលជាច្រើនសប្តាហ៍ គិតចាប់តាំងពីដើមខែមករា ហើយការប្រយុទ្ធដ៏ខ្លាំងក្លាបានផ្ទុះឡើងដើម្បីគ្រប់គ្រងទីក្រុងមួយនេះ៕