(ម៉ានីល)៖ ពីឡុតយោធាហ្វីលីពីន ២នាក់ បានស្លាប់ នៅពេលដែលយន្ដហោះរបស់ពួកគេបានធ្លាក់ កំឡុងការបណ្ដុះបណ្ដាលហ្វឹកហាត់ហោះហើរមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

យន្ដហោះសម្រាប់ការហ្វឹកហ្វឺនហោះហើរ ប្រភេទ SF-260 TP Marchetti បានធ្លាក់នៅឯវាលស្រែមួយកន្លែង ស្ថិតនៅក្នុងខេត្ត បាតាអាន់ (Bataan) ស្ថិតនៅភាគខាងលិចនៃរដ្ឋធានី ម៉ានីល ៤០នាទីក្រោយហោះឡើង។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង។

យោធាហ្វីលីពីន ក៏បានសម្រេចចិត្តបញ្ឈរជើងការហោះហើររបស់យន្ដហោះហ្វឹកហ្វឺន SF-260 TP ជាបណ្ដោះអាសន្នផងដែរ។ SF-260 TP គឺជាប្រភេទយន្ដហោះសម្រាប់ការហ្វឹកហ្វឺន ហោះហើរ ដែលត្រូវបានយោធាហ្វីលីពីនដាក់ឱ្យធ្វើប្រតិបត្តិការចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ហើយយន្ដហោះប្រភេទនេះក៏ត្រូវបានប្រើប្រាស់ជាយន្ដហោះចម្បាំងប្រយុទ្ធ ធុនស្រាល ដូចជានៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធកាលពីឆ្នាំ២០១៧ជាដើម។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ យន្ដហោះយោធាមួយគ្រឿងរបស់ហ្វីលីពីន ដឹកមនុស្ស៩៦នាក់ បានធ្លាក់ដោយផ្ដាច់ជីវិតមនុស្ស ៥៣នាក់ និងត្រូវបានគេចាត់ទុកថាជាសោកនាដកម្ម ធ្លាក់យន្ដហោះយោធាដ៏អាក្រក់បំផុត អស់រយៈពេលជិត៣ទសវត្សរ៍ ក្នុងប្រទេសសិ្ថតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕