(កៀវ)៖ អ៊ុយក្រែន បាននិយាយថាខ្លួននឹងជំរុញចាប់ពីពេលឥលូវនេះតទៅ ឱ្យលោកខាងលិចផ្ដល់យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជាយន្ដហោះចម្បាំងអាមេរិក F-16 ជាដើម មកឱ្យទាហានរបស់ខ្លួន ក្រោយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រកាសជាផ្លូវការពីការសម្រេចចិត្តផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ឱ្យអ៊ុយក្រែន ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនរថក្រោះ Abrams ៣១គ្រឿង រីឯទីក្រុងបែរឡាំងយល់ព្រមផ្ដល់រថក្រោះខា្លរខិន «Leopard 2» ១៤គ្រឿងដល់ទីក្រុងកៀវ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់​ក៏នឹងផ្តល់ការអនុញ្ញាតដល់បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីអ៊ុយក្រែន និងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត ហើយវាក៏នឹងក្លាយជាការត្រួសត្រាយផ្លូវជំរុញលើកទឹកចិត្ត ឱ្យបណ្ដាប្រទេសលោកខាងលិចបន្តយល់ព្រមផ្ដល់អាវុធធុនធ្ងន់បន្ថែមទៀតឱ្យអ៊ុយក្រែន។ លោក យូរី សាក់ (Yuriy Sak) ដែលជាទីប្រឹក្សារបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ (Oleksiy Reznikov) បាននិយាយថាបច្ចុប្បន្ន អ៊ុយក្រែន នឹងចាប់ផ្ដើមជំរុញឱ្យលោកខាងលិចផ្ដល់យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជាយន្ដហោះចម្បាំងអាមេរិក F-16 ជាដើម។ «បើយើង ទទួលបានយន្ដហោះចម្បាំងទំនើបៗ នោះវានឹងផ្ដល់អត្ថាប្រយោជន៍យ៉ាងសម្បើមដល់ពួកយើងនៅលើសមរភូមិ...យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 គឺជាអ្វីដែលពួកយើងត្រូវការ»

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្ដល់អាវុធធុនធ្ងន់ឱ្យអ៊ុយក្រែន កើតមានឡើងនៅចំពេលក្រុមមន្ត្រីអ៊ុយក្រែនបានព្រមានថារុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកសាជាថ្មីឆាប់ៗនេះ និងបន្ទាប់ពីទាហាន ស៊ីឈ្នួលរុស្ស៉ី វាយដណ្ដើមកាន់កាប់បានទីក្រុងសូឡេដា នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះ៕