(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន៣៤ របស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដែលជាការសងសឹកនឹងវិធានការស្រដៀងគ្នានេះពីសំណាក់ប្រទេសលោកខាងលិច​ធ្វើឡើងចំពោះខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ទណ្ឌកម្ម រួមមានវិធានការហិរញ្ញវត្ថុ ដូចជាការបិទគណនី និងប្រតិបត្តិការនៅក្នុងប្រព័ន្ធធនាគារអ៊ីរ៉ង់ ក៏ដូចជាការហាមឃាត់ការចេញ និងការចូលទិដ្ឋាការទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ។

ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ព្រមទាំងសហរដ្ឋអាមេរិកផងដែរ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ឺរ៉ង់ក្នុងថ្ងៃតែមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជុំវិញការបង្រាបលើក្រុមបាតុករពីសំណាក់អាជ្ញាធរអ៊ីរ៉ង់ ក្នុងរយៈជាច្រើនចុងក្រោយនេះ។

គួរបញ្ជាក់ថា អ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំនោមប្រទេស ដែលរងការដាក់ទណ្ឌកម្មច្រើនជាងគេលើពិភពលោក ដោយមហាអំណាចលោកខាងលិចក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ៕