(ហុងកុង)៖ នៅក្រោយសង្រ្គាមលោកលើកទី២ បិទបញ្ចប់ទៅ ពិភពលោកត្រូវបានពុះចែកជាពីរប្លុក ដោយប្លុកលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងប្លុកលោកខាងកើតដឹកនាំដោយ អតីតសហភាពសូវៀត។ ប៉ុន្តែ នៅក្នុងយុគសម័យនៃការដណ្ដើមឥទ្ធិពលរវាងអាមេរិក និងសូវៀត ក្រុមប្រទេសមួយចំនួនក៏បានបង្កើតសម្ព័ន្ធភាពមួយដែរដែលគេស្គាល់ជាទូទៅថា «ចលនាមិនចូលបក្សសម្ព័ន្ធ»។

កម្មវត្ថុចម្បងនៃការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធនេះឡើង គឺដើម្បីធានាឱ្យបានថាប្រទេសរបស់ពួកគេអាចការពារផលប្រយោជន៍ជាតិ និងអាចអនុវត្តនយោបាយការបរទេសស្វ័យភាព ដោយ មិនជ្រើសរើសចូលរួមជាមួយប្លុកមួយ ប្រឆាំងនឹងប្លុកដទៃណាមួយទៀតនោះទេ។ ចលនាមិនចូលបក្សសម្ព័ន្ធ បានផ្ដល់ការគាំទ្រដល់សន្តិសុខ និងអធិបតេយ្យនៃរដ្ឋជាសមាជិកភាគច្រើនមកពី ប្រទេសកំពុងអភិវឌ្ឍ និងដែលមានគំនិតប្រឆាំងអាណានិគម ចក្រពត្តិនិយម និងការអន្តរាគមន៍និយមពីបរទេស។ លើសពីនេះទៀត នៅក្នុងយុគសម័យប៉ូលមហាអំណាច២ ចលនានេះក៏បាន ផ្ដល់ឱ្យប្រទេសដែលទើបតែទទួលបានឯករាជ្យថ្មីៗ នៅពេលនោះនូវមធ្យោបាយអនុវត្តនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេដោយស្វ័យភាពផងដែរ។

នៅពេលសង្រ្គាមត្រជាក់ បិទបញ្ចប់ជាមួយការដួលរលំនៃសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ បណ្ដាប្រទេសលោកខាងកើតនៅក្រោមកាតិកសញ្ញាវ៉ាសូវី (Warsaw Pact) ដឹកនាំដោយសូវៀត ត្រូវបានរំលាយចោល រីឯបក្សសម្ព័ន្ធយោធា NATO ក៏បានក្លាយជាបក្សសម្ព័ន្ធយោធាតែមួយគត់ដែលដំណើរការមកទល់នឹងសព្វថ្ងៃ។ ការដួលរលំរបស់សហភាពសូវៀត បានបញ្ចប់យុគសម័យ ដែលពិភពលោកត្រូវបានពុះចែកជា២ប្លុក។ ប៉ុន្តែ ជាង៣ទសវត្សរ៍ក្រោយមក ពិភពលោកហាក់ដូចជាត្រូវបានបែងចែកជាថ្មីម្ដងទៀត ដោយលើកនេះគឺចិន និងរុស្ស៉ីមួយបក្ស និងលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក មួយបក្ស។

ទោះជាបែបនេះក្ដី ក្នុងពេលបច្ចុប្បន្ន បណ្ដាប្រទេសភាគច្រើនមកពីតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី និងអាមេរិកឡាទីន បាន និងកំពុងជ្រើសរើសយកនយោបាយការបទេសមិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានបង្ហាញតាមរយៈការប្រតិកម្មឆ្លើយតប និងការបោះឆ្នោតរបស់ពួកគនៅឯអង្គការសហប្រជាជាតិជុំវិញសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ជាឧទាហរណ៍ ឥណ្ឌា ឥណ្ឌូណេស៊ី ប្រេស៊ីល អាហ្វ្រិកខាងត្បូង ម៉ិកស៉ិក អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានស្ថិតនៅក្នុងចំណោមក្រុមប្រទេសដែលប្រកាន់យកជំហរអព្យាក្រឹត ដើម្បីការពារផលប្រយោជន៍ជាតិ របស់ពួកគេ តាមរយៈការបដិសេធមិនចូលរួមជាមួយលោកខាងលិចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។

នៅក្នុងគំនិតនៃប្រទេសទាំងនេះ ពួកគេមើលឃើញថាជំហរអព្យាក្រឹត នៅក្នុងយុគសម័យសង្រ្គាមត្រជាក់សម័យថ្មី អាចឱ្យពួកគេទាក់ទាញពាណិជ្ជកម្ម បច្ចេកវិទ្យា និងកិច្ចព្រមព្រៀងអាវុធ ពីបណ្ដាប្រទេសលោកខាងលិច។ តែព្រមពេលជាមួយគ្នា បរិបទអន្តរជាតិដែលចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើងកាលពីពេលមុន និងសព្វថ្ងៃមានការប្រែប្រួលខុសគ្នាទាំងស្រុង ដែលតម្រូវឱ្យបណ្ដាប្រទេសដែលអនុវត្តគោលនយោបាយអព្យាក្រឹតត្រូវពង្រឹងសមត្ថភាពខ្លួនឯង ហើយផ្លាស់ប្ដូរពីការផ្ដោតលើការរក្សាតុល្យភាពនៅចំពោះមុខ ការប្រជែងឥទ្ធិពលរវាង ពួកកំពូលមហាអំណាច ទៅជាការរក្សាឱ្យបាននូវបណ្ដាញទំនាក់ទំនងនៅក្នុងយុគសម័យដែលសេដ្ឋកិច្ចត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក។

ដូច្នេះហើយ ក្នុងបរិបទនៃនយោបាយសកលលោកមិនច្បាស់លាស់បង្កឡើងដោយសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងទណ្ឌកម្មរបស់លោកខាងលិច បណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធកំពុង ព្យាយាមហក់ចូលនៅក្នុងរបបសេដ្ឋកិច្ចថ្មីមួយ និងស្វែងរកមធ្យោបាយដើម្បីទាញប្រយោជន៍សម្រាប់ជាតិ ដោយផ្អែកលើអាទិភាពនៃតម្រូវការសម្រាប់ការអភិវឌ្ឍរៀងៗខ្លួន។

គួរបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យធំចំនួន៣ ដូចជាឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង បានបោះឆ្នោតអនុបវាទលើការថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅឯកិច្ចប្រជុំ ពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមីនា ឆ្នាំ២០២២ ដូចគ្នាទៅនឹងបណ្ដាប្រទេសភាគច្រើនមកពីតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍ដែលបាននាំគ្នាបោះឆ្នោត អនុបវាទ។ បន្ថែមពីលើនេះ ប្រទេសចំនួន៥៨ បានបោះឆ្នោតអនុបវាទលើការព្យួរសមាជិកភាពរុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសុខចិត្តជ្រើសរើសមិនដើរតាមលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី ក្នុងចេតនាបន្តធ្វើពាណិជ្ជកម្មដែលផ្ដល់ផលចំណេញដល់ប្រយោជន៍ជាតិរបស់ពួកគេជាមួយទីក្រុងមូស្គូ៕