(វ៉ាស៊ីនតោន)៖ ពាក់កណ្តាលនៃការវាយប្រហារប្រដាប់អាវុធទ្រង់ទ្រាយធំទាំងអស់ នៅសហរដ្ឋអាមេរិក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ត្រូវបានបង្កឡើងដោយបញ្ហាផ្ទាល់ខ្លួន និងជម្លោះនៅកន្លែងធ្វើការ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់សេវាសម្ងាត់អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដែលមានកម្រាស់ ៧០ទំព័រ ដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយមជ្ឈមណ្ឌលវាយតម្លៃការគំរាមកំហែងជាតិ នៃសេវាសម្ងាត់អាមេរិកបានពិនិត្យមើលឧប្បត្តិហេតុចំនួន ១៧៣ករណី ដែលមនុស្សបីនាក់ ឬច្រើននាក់បានរងរបួស។ ការវាយប្រហារបានកំណត់គោលដៅកន្លែងការងារ សាលារៀន ស្ថាប័នសាសនា និងការដឹកជញ្ជូនសាធារណៈ ដោយបានសម្លាប់មនុស្ស ៥១៣នាក់ និងរបួស ១,២៣៤នាក់។
របាយការណ៍នេះបានលើកឡើងថា ជនល្មើសភាគច្រើនលើសលុបជាបុរស ហើយជារឿយៗមានរោគសញ្ញាសុខភាពផ្លូវចិត្ត អសន្តិសុខហិរញ្ញវត្ថុ ឬប្រវត្តិនៃការជាប់ពាក់ព័ន្ធក្នុងអំពើហិង្សាក្នុងគ្រួសារ ខណៈកាំភ្លើងវែងជាអាវុធនៃជម្រើសម្រាប់ប្រតិបត្តិការ។
គួរបញ្ជាក់ថា របាយការណ៍នេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការបាញ់ប្រហារដ៏ធំចំនួនពីរករណីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានសម្លាប់មនុស្សចំនួន ១៨នាក់ ខណៈអាជ្ញាធរកំពុងស្វែងរកហេតុផលនៅខាងក្រោយការវាយប្រហារដ៏សាហាវនេះ ។
សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងយ៉ាងខ្លាំង នៃការបាញ់ប្រហារទ្រង់ទ្រាយធំក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែសមាជិកសភាអាមេរិកនៃពីរគណបក្សធំៗ នៅតែមិនទាន់អាចរកដំណោះស្រាយរួមជុំវិញបញ្ហានេះ។ គណបក្សប្រជាធិបតេយ្យបានអំពាវនាវឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងបន្ថែមទៀត ខណៈគណបក្សសាធារណរដ្ឋផ្តោតលើសុខភាពផ្លូវចិត្ត និងកំណែទម្រង់វិធានការសុវត្ថិភាពឲ្យកាន់តែល្អប្រសើរឡើង៕