(តូក្យូ)៖ កងកម្លាំងឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នាវិកចំនួន១៣នាក់ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយគ្រឿង បានលិចនៅក្បែរភាគនិរតីនៃប្រទេសរបស់ខ្លួន នាថ្ងៃពុធនេះ កំលុងព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ប៉ុន្តែ២នាក់ក្នុងចំណោមនោះ ទើបតែបានបាត់បង់ជិវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។
កប៉ាល់ដឹកឈើមានឈ្មោះថា ជីនធាន (Jiantian) ដែលចុះបញ្ជីនៅទីក្រុងហុងកុង បានប្រកាសអាសន្នកាលពីយប់ជ្រៅថ្ងៃអង្គារ ហើយបានលិចនៅវេលាម៉ោងជិត ៣រំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ។ មាននាវិកសរុបចំនួន២២នាក់ ធ្វើដំណើរលើនាវានោះ ដែលសុទ្ធតែជាជនជាតិចិនឬក៏មីយ៉ាន់ម៉ា។ ខណៈនេះ ក្រុមសង្រ្គោះកំពុងតាមស្វែងរកនាវិក៩នាក់ទៀត ដែលបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា តំបន់ភាគនិរតីប្រទេសជប៉ុន បានទទួលរងការវាយលុកពីព្យុះរដូវរងាធ្ងន់ធ្ងរ តាំងពីថ្ងៃអង្គារសប្តាហ៍នេះ។ សម្រាប់ទីតាំងដែលកប៉ាល់ខាងលើបានលិច គឺស្ថិតនៅចន្លោះកោះគ្យូស៊ុ (Kyushu) របស់ជប៉ុន ហើយនិងកោះចេជូ (Jeju) របស់កូរ៉េខាងត្បូង៕