(ព្រុចសែល)៖ អគ្គលេខាធិការរបស់អង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បានបង្ហាញក្តីរំពឹងថា បណ្តារដ្ឋជាសមាជិកនៃបក្សសម្ព័ន្ធយោធាលោកខាងលិចនេះ នឹងបង្កើនឱ្យកាន់តែខ្ពស់ថែមទៀត នូវគោលដៅនៃការចំណាយបច្ចុប្បន្នរបស់ពួកគេទៅលើវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។
កំលុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាល្លឺម៉ង់ ឌីវេត (Die Welt) ក្នុងសប្តាហ៍នេះ លោក ស្តូលថិនបឺគ បាននិយាយដូច្នេះថា «ខ្ញុំរំពឹងនឹងមានការកំណត់គោលដៅថ្មី សម្រាប់ការចំណាយលើវិស័យការពារជាតិ នៅពេលពួកយើងជួបគ្នាក្នុងកិច្ចប្រជុំកំពូលរបស់ NATO នៅទីក្រុងវីលនីញូស (Vilnius) នៅប្រទេសលីទុយអានី នាខែកក្កដា ឆ្នាំនេះ»។
ប្រមុខអង្គការណាតូរូបនេះបានបន្តថា «គោលដៅ២ភាគរយបច្ចុប្បន្ននៃ GDP គឺដំបូងឡើយសម្រាប់ត្រឹមរយៈពេលតែ ១ទសវត្សរ៍ប៉ុណ្ណោះ ដូច្នេះគឺដល់២០២៤ ប៉ុន្តែយើងត្រូវធ្វើបច្ចុប្បន្នភាពវានាពេលនេះ»។ លោក ស្តូលថិនបឺគ មិនអាចនិយាយបានទេថា តើបណ្តារដ្ឋសមាជិក នឹងព្រមព្រៀងគ្នាក្នុងកម្រិតណានោះឡើយ ប៉ុន្តែលោកថា វានឹងជាគោលដៅដែលមានមហិច្ឆតាជាងមុនទៅទៀត ដ្បិតគ្រប់គ្នាកំពុងឃើញយ៉ាងច្បាស់ពីភាពចាំបាច់ នៃការវិនិយោគបន្ថែមលើវិស័យការពារជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ប្រទេសលោកខាងលិចជាច្រើន បាននាំគ្នាបង្កើនការចំណាយទៅលើ វិស័យការពារជាតិរបស់ពួកគេ៕