(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅទីក្រុងវ៉ាស៉ីនតោន លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បានព្រមានថា រាល់រថក្រោះរបស់សហរដ្ឋអាមេរិកដែលបញ្ជូនទៅអ៊ុយក្រែន នឹងត្រូវកម្ទេចដោយកងកម្លាំងទីក្រុងមូស្គូ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាសេតវិមាន មានផែនការផ្គត់ផ្គង់រថក្រោះប្រយុទ្ធសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

នៅពេលសួរអំពីផែនការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ទៅកាន់អ៊ុយក្រែន លោក អាន់តូនូវ បាននិយាយថា វិធានការនេះនឹងធ្វើឲ្យមានការកើនឡើង នូវការចូលរួមរបស់អាមេរិកនៅក្នុងជម្លោះ ហើយលើសពីអំណះអំណាងផ្តល់ ដែលថាត្រឹមផ្តល់ «អាវុធការពារខ្លួន»។ ឯកអគ្គរដ្ឋទូតរុស្ស៉ីរូបនេះ បានគូសបញ្ជាក់ថា «ប្រសិនបើការសម្រេចចិត្តផ្តល់រថក្រោះ M1 Abrams ត្រូវបានធ្វើឡើងមែននោះ រថក្រោះនោះនឹងត្រូវបំផ្លាញចោលដោយគ្មានការសង្ស័យឡើយ ដូចជាការបំផ្លាញអាវុធ របស់ប្រទេសជាសមាជិកអង្គការណាតូ ផ្សេងទៀតដែរ»

លោក អាន់តូនូវ បានបន្ថែមថា «សកម្មភាពនេះនឹងក្លាយជាការបង្កហេតុដ៏អាក្រក់មួយទៀតប្រឆាំងនឹងរុស្ស៊ី។ ហើយនៅពេលនោះយើងនឹងដឹងថា នរណាជាអ្នកឈ្លានពានពិតប្រាកដនៅក្នុងជម្លោះបច្ចុប្បន្ន»

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ រថក្រោះប្រយុទ្ធ Abrams គឺមានតម្លៃថ្លៃហើយអាចចំណាយពេលច្រើនឆ្នាំឯណោះ ដើម្បីទៅដល់សមរភូមិ។ ពេលនេះក្រុមមន្ត្រីជឿថា ការឯកភាពលើការបញ្ជូនរថក្រោះប្រភេទនេះទៅអ៊ុយក្រែន គឺចាំបាច់ដើម្បីបញ្ចុះបញ្ចូលប្រទេសអាល្លឺម៉ង់អនុញ្ញាតឲ្យមានការដឹកជញ្ជូន Leopard 2 របស់ខ្លួន ទៅឲ្យអ៊ុយក្រែន៕