(វ៉ាស៉ីនតោន)៖ ឯកសារសំងាត់មួយចំនួនត្រូវបានរកឃើញនៅក្នុងផ្ទះរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) ដែលស្ថិតនៅរដ្ឋឥណ្ឌីយ៉ាណា (Indiana) នៃសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយលោកបានប្រគល់ឯកសារទាំងនោះទៅឲ្យប៉ូលិស FBI។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

លោក ក្រិច ចាខប (Greg Jacob) ដែលជាមេធាវីរបស់លោក ផេន បានផ្ញើរលិខិតមួយច្បាប់ទៅកាន់បណ្ណសារជាតិ កាលពីថ្ងៃទី១៨ ខែមករា ដើម្បីជូនដំណឹងអំពីឯកសារដែល ត្រូវបានរកឃើញ ហើយក្នុងនោះមានឯកសារមួយចំនួនតូចអាចផ្ទុកព័ត៌មានរសើប ឬសំងាត់។ បន្ថែមពីលើនេះ នៅក្នុងលិខិតដាច់ដោយឡែកមួយទៀត កាលពីថ្ងៃទី២២ ខែមករា លោក ចាខប បានជូនដំណឹងដល់បណ្ណសារជាតិថា FBI បានមកដល់ផ្ទះរបស់អតីតអនុប្រធានាធិបតី ដើម្បីប្រមូលឯកសារទាំងនោះហើយ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃការផ្ទេរតំណែងប្រធានាធិបតី កំណត់ត្រាពីរដ្ឋបាលនីមួយៗ ត្រូវស្ថិតនៅក្រោមការទុកដាក់ស្របច្បាប់នៃបណ្ណសារជាតិរបស់សហរដ្ឋអាមេរិក។ វាជារឿងខុសច្បាប់ក្នុងការដក ឬរក្សាទុក ដោយចេតនា ឬអចេតនា ព្រមទាំងអាចបង្កហានិភ័យដល់សន្តិសុខជាតិ ប្រសិនបើឯកសារសំងាត់ត្រូវបានបែកធ្លាយ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានរក្សាទុកនូវឯកសារមួយចំនួនកំលុងពេលកាន់តំណែងជាអនុប្រធានាធិបតី ក៏ដូចជាលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី សុទ្ធតែកំពុងប្រឈមមុខនឹងការស៊ើបអង្កេតពិសេសដោយក្រសួងយុត្តិធម៌ ជុំវិញភាពមិនត្រឹមត្រូវនៃការគ្រប់គ្រងឯកសារ ឬសម្ភារផ្សេងៗ ក្នុងអាណត្តិដឹកនាំរបស់ខ្លួន៕