(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាលោកទទួលបានសំណើឱ្យចុះសន្ធិសញ្ញាមិនឈ្លានពានមួយ ជាមួយអ៊ុយក្រែន ស្របពេលក្រុមមន្ត្រីអ៊ុយក្រែនបង្ហាញការព្រួយបារម្ភថាទីក្រុងមីនស្កិ៍ អាចនឹងចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីន បានបង្ហើបពីសំណើខាងលើប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់បេឡារុស នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយ លោកក៏បានចោទប្រកាន់ដោយមិនបង្ហាញភស្ដុតាងដែរថាទីក្រុងកៀវ បានអនុញាតឱ្យបណ្ដាប្រទេសលោកខាងលិចប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបណ្ដុះបណ្ដាលកងជីវពល ប្រដាប់អាវុធ ដែលអាចនឹងបង្កអស្ថិរភាពនៅក្នុងប្រទេសបេឡារុស។

នៅក្នុងសម្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយបេឡារុស Belta លោក លូកាសិនកូ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេបានស្នើសុំឱ្យពួកយើងកុំធ្វើសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែន ហើយទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនត្រូវបញ្ជូនកងទ័ពទៅកាន់ទីនោះដែរ (អ៊ុយក្រែន) ... ពួកគេបានស្នើឱ្យយើងចុះសន្ធិសញ្ញាមិនឈ្លានពានមួយ»

គួរបញ្ជាក់ថា លោក លូកាសិនកូ មិនបានឱ្យដឹងថាតើអ៊ុយក្រែន ឬក៏ប្រទេសលោកខាងលិចណាមួយដែលបានស្នើឱ្យលោកចុះសន្ធិសញ្ញាមិនឈ្លានពាននោះទេ​ រីឯទីក្រុងកៀវ ក៏មិនទាន់បានបញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបេឡារុស Belta នោះដែរ៕