(កៀវ)៖ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានលាលែងពីតំណែងរបស់ខ្លួននៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសន្យាថា នឹងចាប់ផ្តើមរុះរើមន្ត្រី ចំពេលមានរឿងអាស្រូវពុករលួយកម្រិតខ្ពស់ ក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។
នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន លោក Kyrylo Tymoshenko បានបង្ហាញពីក្រឹត្យមួយដែលមាការចុះហត្ថលេខាដោយ លោក Zelenskyy និងលោកខ្លួនឯងផ្ទាល់បានបញ្ជាក់ថា គាត់បានស្នើសុំលាលែងពីតំណែង ប៉ុន្តែមិនបានប្រាប់ពីមូលហេតុនៃការលាលែងនេះទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការពារជាតិ លោក Viacheslav Shapovalov ក៏បានលាលែងពីតំណែងផងដែរ។ ការចាកចេញរបស់គាត់ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងរឿងអាស្រូវពាក់ព័ន្ធនឹងការទិញ គ្រឿងឧបភោគបរិភោគសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ចំណែកឯ អគ្គព្រះរាជអាជ្ញារង លោក Oleksiy Simonenko ក៏បានលាលែងពីតំណែងផងដែរ។
ក្នុងពេលជាមួយគ្នានេះ លេខាធិការខុទ្ទកាល័យរបស់ប្រទេស បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា អនុរដ្ឋមន្ត្រីបួនរូប និងអភិបាលខេត្តចំនួនប្រាំនឹងត្រូវបណ្តេញចេញពីតំណែង។
គួរបញ្ជាក់ថា នៅពេលដែលសម្ព័ន្ធមិត្តលោកខាងលិច បានចាក់លុយរាប់ពាន់លានដុល្លារចូលមកប្រទេសអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវក្នុងការប្រយុទ្ធប្រឆាំងនឹងទីក្រុងមូស្គូ លោក Zelensky បានប្តេជ្ញាលុបបំបាត់អំពើពុករលួយ ខណៈដែលអ្នកសង្កេតការណ៍មួយចំនួនបានពិពណ៌នាថាជាជំងឺរាតត្បាតដ៏សាហាវ៕