(បែរឡាំង)៖ អ្នកនាំពាក្យក្រុមហ៊ុនផលិតអាវុធ រ៉េនមេថល (Rheinmetall) របស់ប្រទេសអាល្លឺម៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមហ៊ុនអាចបញ្ជូនរថក្រោះប្រយុទ្ធខ្លារខិន (Leopard) ចំនួន ១៣៩គ្រឿងទៅឲ្យអ៊ុយក្រែន ប្រសិនបើចាំបាច់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យដដែលរូបនោះបានឲ្យដឹងទៀតថា ក្រុមហ៊ុនអាចចែកចាយរថក្រោះ Leopard 2A4 ចំនួន២៤គ្រឿងនៅខែមេសា និងឧសភា រីឯរថក្រោះម៉ូដែលដូចគ្នាចំនួន ២២គ្រឿងទៀតនឹងផលិតបាននៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ ក្រុមហ៊ុនក៏អាចផ្គត់ផ្គង់រថក្រោះ Leopard 1 ស៊េរីចាស់ចំនួន ៨៨គ្រឿងផងដែរ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ការចែកចាយទេ។

គួរបញ្ជាក់ថា ទីក្រុងបែរឡាំង កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូមួយចំនួនដូចជាប្រទេសប៉ូឡូញ ដើម្បីអនុញ្ញាតឲ្យទីក្រុងកៀវទទួលបានរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់សម្រាប់ទប់ទល់ជាមួយរុស្ស៊ី។ រហូតមកដល់ពេលនេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ នៅមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ ឬអនុញ្ញាតឲ្យប្រទេសជាសមាជិកណាតូផ្សេងទៀតធ្វើដូច្នេះ នៅឡើយទេ៕