(ឡុងដ៏)៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមាន «សកម្មភាពជាបន្ទាន់ និងរួមគ្នា» ដើម្បីការពារកុមារពីការប្រើប្រាស់ថ្នាំប្រភេទទឹកស៉ីរ៉ូ បន្ទាប់ពីមានការកើនឡើងនៃការស្លាប់របស់កុមារ ដែលទាក់ទងនឹងថ្នាំក្អកកាលពីឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ WHO កាលពីថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា នៅឆ្នាំ២០២២ មានកុមារជាង ៣០០នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ឆ្នាំ នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូណេស៉ី និងអ៊ូសបេគីស្ថាន បានស្លាប់ដោយសារបញ្ហាតម្រងនោមស្រួចស្រាវហើយស្លាប់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងថ្នាំដែលមានសារធាតុពុល។ ថ្នាំទាំងនោះ ជាប្រភេទទឹកសុីរ៉ូបំបាត់ក្អក ដែលមានកម្រិតខ្ពស់នៃសារជាតិគីមី ដែលអាចបណ្តាលឲ្យស្លាប់សូម្បីតែក្នុងបរិមាណតិចតួច ហើយមិនគួរត្រូវបានរកឃើញនៅក្នុងថ្នាំពេទ្យឡើយ»។

គួរបញ្ជាក់ថា ដូចប្រទេសដែលរងផលប៉ះពាល់ខាងលើនេះដែរ WHO បានអំពាវនាវដល់ប្រទេសមាជិកចំនួន ១៩៤របស់ខ្លួន ធ្វើសកម្មភាពដើម្បីការពារពីការស្លាប់បន្ថែមទៀត៕