(មូស្គូ)៖ ឧត្តមសេនីយ៍ដែលទើបតែងតាំងថ្មីទទួលបន្ទុកដឹកនាំសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន លោក វ៉ាឡេរី ជឺរ៉ាស៉ីម៉ូវ (Valery Gerasimov) បាននិយាយថា កំណែទម្រង់យោធាថ្មីរបស់រុស្ស៊ីគឺដើម្បីឆ្លើយតបទៅនឹងការពង្រីកខ្លួនរបស់អង្គការណាតូ (NATO) ដែលអាចកើតមាននិងការប្រើប្រាស់ទីក្រុងកៀវដោយបណ្តាប្រទេសលោកខាងលិច ដើម្បីធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

លោក ជឺរ៉ាស៉ីម៉ូវ បានប្រាប់គេហទំព័រព័ត៌មាន Argumenty i Fakty ក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះថា កំណែទម្រង់យោធាដែលត្រូវបានប្រកាសនៅពាក់កណ្តាលខែមករាដោយលោក ពូទីន អាចត្រូវបានកែសម្រួលដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។

ឧត្តមសេនីយ៍រូបនេះ បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះ ការគំរាមកំហែងបែបនេះ រួមមានសេចក្តីប្រាថ្នារបស់សម្ព័ន្ធយោធាណាតូ ដើម្បីពង្រីកខ្លួនដោយការចូលរួមរបស់ទៅហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាការប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍សម្រាប់ធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងប្រទេសរបស់យើង។ ដូចនេះគោលដៅចម្បងនាពេលនេះគឺធានាការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសរបស់យើង»

គួរបញ្ជាក់ថា នេះជាការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ជឺរ៉ាស៉ីម៉ូវ ចាប់តាំងឡើងកាន់តំណែងនៅថ្ងៃទី១១ ខែមករា។ លោក ជឺរ៉ាស៉ីម៉ូវ និងក្រសួងការពារជាតិរុស្ស៉ី កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការបរាជ័យជាច្រើនលើកនៅលើសមរភូមិ៕