(មូស្គូ)៖ មហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត បានអំពាវនាវដល់អាជ្ញាធរនៅថ្ងៃចន្ទសប្តាហ៍នេះឲ្យអត់ឱនជាជាងដាក់ទណ្ឌកម្ម ទៅលើបុគ្គលិករាប់សែននាក់ដែលបានភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ជាពិសេសលើក្រុមអ្នកជំនាញ IT។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។
លោក ម៉ាកស៊ូត សាដេវ (Maksut Shadaev) ប្រធានក្រសួងកិច្ចការឌីជីថលរបស់រុស្ស៊ីបានប្រាប់សភាកាលពីខែធ្នូថា អ្នកជំនាញផ្នែកព័ត៌មានវិទ្យាប្រហែល ១០០,០០០នាក់ បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២២។
មហាសេដ្ឋីរុស្ស៉ី លោក វ្ល៉ាឌីមៀ ប៉ូតានីន (Vladimir Potanin) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សដែលបម្រើការឲ្យសេដ្ឋកិច្ចរបស់យើងពីបរទេស ឬកំពុងរស់នៅឆ្ងាយមិនគួរត្រូវបានដាក់ទណ្ឌកម្មនោះទេ។ មហាសេដ្ឋីផ្នែកអាជីវកម្មលោហៈធាតុរូបនេះ បាននិយាយទៀតថា ទីក្រុងមូស្គូត្រូវតែមានការអត់ឱន បើទោះបីជាបុគ្គលិកនៅក្រៅប្រទេស មានទស្សនៈដែលអ្នកស្នេហាជាតិរុស្ស៊ីមិនចូលចិត្តក៏ដោយ ដោយយោងទៅលើការពិតដែលថាមនុស្សជាច្រើនដែលបានចាកចេញរួមទាំងអ្នកជំនាញផ្នែកព័ត៌មានវិទ្យា។ ការធ្វើដូច្នេះគឺដើម្បីចៀសវាងមិនឲ្យពួកគេប្រើវិជ្ជាជីវៈរបស់ខ្លួនជ្រៀតចូលក្នុងជួរកងទ័ពរុស្ស៉ី ព្រោះតែមិនយល់ស្របនឹងសកម្មភាពរបស់ទីក្រុងមូស្គូ។
គួរបញ្ជាក់ថា លោក ប៉ូតានីន ត្រូវបានគេប៉ាន់ស្មានថាជាអ្នកមានបំផុតឬមានបំផុតទីពីរនៅក្នុងប្រទេសរុស្ស៉ី ដោយសារភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុនលោហៈយក្ស ន័រនីកកែល (Nornickel)៕