(កាប៊ុល)៖ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ (UN) បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុលកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីការអប់រំសម្រាប់ស្ត្រី និងកំពុងធ្វើការជាមួយរដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ ជុំវិញបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

កាលពីខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមតាលីបង់បានបញ្ជាឲ្យអង្គការក្រៅរដ្ឋាភិបាល មិនអនុញ្ញាតឲ្យបុគ្គលិកជាស្ត្រីភាគច្រើនធ្វើការ ដោយជំរុញឲ្យភ្នាក់ងារជំនួយជាច្រើនផ្អាកប្រតិបត្តិការមួយផ្នែក នៅចំពេលដែលវិបត្តិមនុស្សធម៌កំពុងកើតឡើងកំឡុងរដូវរងាដ៏ត្រជាក់បំផុត។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក ម៉ាទីន ហ្រ្គីហ្វហ្វីដ (Martin Griffiths) បានលើកឡើងពីបញ្ហានៃការអប់រំ ការធ្វើការងាររបស់ស្ត្រី និងរបៀបដែលវាប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។ ដោយឡែក ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ នៅអាហ្វហ្គានីស្ថានមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយលើកិច្ចប្រជុំនោះទេ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្មេងស្រី និងស្ត្រីភាគច្រើនដែលមានអាយុលើសពី ១២ឆ្នាំ ត្រូវបានបញ្ឈប់ពីការចូលរៀននៅសាលា ឬសាកលវិទ្យាល័យ។ ជាមួយគ្នានេះ ការអនុវត្តទណ្ឌកម្ម និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍បានរួមចំណែកធ្វើឲ្យអាហ្វហ្កានីស្ថានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានធ្វើឲ្យប្រជាជនជាងពាក់កណ្តាលពឹងផ្អែកលើជំនួយមនុស្សធម៌៕