(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ស៊ុយអែតមិនគួររំពឹងថានឹងទទួលបានគាំទ្រពីតួកគីសម្រាប់សមាជិកភាពរបស់ពួកគេនៅក្នុងអង្គការណាតូនោះ បន្ទាប់ពីមានការតវ៉ានៅជិតស្ថានទូតតួកគីក្នុងទីក្រុងស្តុកខុល (Stockholm) រួមទាំងការដុតច្បាប់ចម្លងនៃគម្ពីរគូរ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា «អ្នកដែលអនុញ្ញាតឲ្យមានការប្រមាថបែបនេះនៅចំពោះមុខស្ថានទូតរបស់យើង មិនគួររំពឹងថានឹងមានការគាំទ្ររបស់យើងសម្រាប់សមាជិកភាពអង្គការណាតូរបស់ពួកគេទៀតទេ»

លោក អឺដូហ្កាន់ បានបន្ថែមថា «ប្រសិនបើអ្នកស្រឡាញ់សមាជិកនៃអង្គការភេរវករ និងសត្រូវនៃសាសនាឥស្លាមហើយការពារពួកគេ នោះយើងណែនាំអ្នកឲ្យទៅស្វែងរកការគាំទ្រពីពួកគេសម្រាប់សន្តិសុខនៃប្រទេសរបស់អ្នក»

គួរបញ្ជាក់ថា បាតុកម្មនៅទីក្រុងស្តុកខុលកាលពីថ្ងៃសៅរ៍សប្តាហ៍មុនធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសតួកគី និងប្រឆាំងចំពោះបំណងរបស់ស៊ុយអែតដើម្បីចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO ហើយវាបានបង្កើនភាពតានតឹងជាមួយទីក្រុងអង់ការ៉ា ដែលស៊ុយអែតកំពុងត្រូវការការគាំទ្រដើម្បីអាចក្លាយជាសមាជិកនៃបក្សសម្ព័ន្ធយោធាមួយនេះ៕