(ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានជម្នះឈានទៅមុខ ជាមួយនឹងផែនការកំណែទម្រង់សោធននិវត្តន៍ ដែលមានភាពចម្រោងចម្រះខ្លាំង ដោយនឹងបង្កើនអាយុចូលនិវត្តន៍ដល់ពី៦២ ទៅ៦៤ឆ្នាំ បើទោះជាមានប្រតិកម្មតវ៉ាយ៉ាងខ្លាំងពីសាធារណៈជនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

ក្រៅពីការបង្កើនអាយុចូលនិវត្តន៍បន្តិចម្តងៗពី៦២ ដល់ ៦៤ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ច្បាប់នេះក៏នឹងបង្កើនចំនួនឆ្នាំអប្បបរមា ដែលប្រជាជនត្រូវដាក់ចូលទៅក្នុងប្រព័ន្ធ ដើម្បីទទួលបានប្រាក់សោធនពេញលេញពី៤២ឆ្នាំ ទៅ៤៣ឆ្នាំផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Olivier Dussopt បាននិយាយថា រដ្ឋាភិបាលមិនចុះសម្រុងជាមួយក្រុមសហជីព ដែលនៅជួរមុខនៃការធ្វើកូដកម្ម និងការតវ៉ាដ៏ធំកាលពីថ្ងៃព្រហស្បតិ៍នោះទេ ដោយនៅពេលនោះមានមនុស្សជាង ១.១លាននាក់ បានដើរក្បួនដើម្បីតវ៉ាអំពីកំណែទម្រង់ប្រាក់សោធននិវត្តន៍។

សហជីពកម្មករ គ្រោងនឹងរៀបចំធ្វើកូដកម្មមួយផ្សេងទៀតនៅថ្ងៃទី៣១ ខែមករា ដោយព្រមានថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងវិធានការតវ៉ា ប្រសិនបើរដ្ឋាភិបាលមិនព្រមត្រឡប់ក្រោយ៕