(ប៉ូឡូញ)៖ នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកនឹងសុំការអនុញ្ញាតពីប្រទេសអាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះ Leopard ទៅកាន់អ៊ុយក្រែន ហើយគ្រោងនឹងបញ្ជូនវាដោយមានឬគ្មានការយល់ព្រមពីទីក្រុងប៊ែរឡាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអាល្លឺង់ លោកស្រី អាណាឡេណា ប៊ែរបក់ស៍ (Annalena Baerbock) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនរារាំងនោះទេ ប្រសិនបើប្រទេសប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់អ៊ុយក្រែន។

ការផ្គត់ផ្គង់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ដល់អ៊ុយក្រែន គឺជាការផ្តោតសំខាន់នៃការពិភាក្សានាពេលថ្មីៗនេះក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច អំពីចំនួនជំនួយ និងសម្ភារៈបែបណាដែលពួកគេគួរតែផ្តល់ ដល់អ៊ុយក្រែនក្នុងខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ី។

ការវិវឌ្ឍនេះកើតឡើងនៅពេលដែលភាគីទាំងពីរត្រូវបានគេជឿថា កំពុងរៀបចំផែនការវាយលុកនិទាឃរដូវដើម្បីបំបែកអ្វីដែលបានក្លាយទៅជាបញ្ហាជាប់គាំងនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។

អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្គត់ផ្គង់នូវរថក្រោះទំនើបផលិតដោយអាល្លឺម៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការបើកភ្លើងខៀវណាមួយពីទីក្រុងបែរឡាំង ឬអនុញ្ញាតឲ្យប្រទេសជាសមាជិកណាតូផ្សេងទៀតធ្វើដូច្នេះទេ៕