(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) នៅថ្ងៃចន្ទនេះបានសន្យាថានឹងចាត់វិធានការដោះស្រាយការធ្លាក់ចុះអត្រាកំណើតពលរដ្ឋដោយនិយាយថាវាជាបញ្ហាបន្ទាន់មួយសម្រាប់ប្រទេសដែលមានមនុស្សចាស់ច្រើនជាងគេបំផុតមួយរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។
តាមការស្ទង់មតិបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានព្យាយាមលើកទឹកចិត្តប្រជាជនរបស់ខ្លួនឲ្យមានកូនកាន់តែច្រើន ជាមួយនិងការសន្យាផ្តល់ប្រាក់រង្វាន់ និងអត្ថប្រយោជន៍កាន់តែប្រសើរ ប៉ុន្តែវានៅតែជាបញ្ហាដ៏លំបាកមួយដោយសារតែជប៉ុនជាប្រទេសដែលមានការចំណាយខ្ពស់បំផុតមួយក្នុងពិភពលោកលើការចិញ្ចឹមកូន។
នៅក្នុងសុន្ទរកថាស្តីគោលនយោបាយរបស់រដ្ឋាភិបាលនៃសម័យប្រជុំសភាឆ្នាំ២០២៣ លោក គីស៉ិដា បានគូសបញ្ជាក់ថា «ប្រជាជាតិរបស់យើងស្ថិតនៅលើចំណុចព្រួយបារម្ភថាតើខ្លួនអាចរក្សាមុខងារសង្គមបានឬអត់។ វាជារឿងបន្ទាន់មួយនៅពេលនិយាយដល់គោលនយោបាយទាក់ទងនឹងការសម្រាល និងការចិញ្ចឹមកូន។ វាជាបញ្ហាដែលមិនអាចរង់ចាំបានទៀតនោះទេ»។ លោក គីស៉ិដា និយាយថាលោកនឹងដាក់ផែនការបង្កើនថវិកាទ្វេដងសម្រាប់គោលនយោបាយទាក់ទងនឹងកុមារ នៅខែមិថុនាខាងមុខនេះ ហើយទីភ្នាក់ងាររដ្ឋាភិបាលថ្មីសម្រាប់កុមារ និងគ្រួសារ ត្រូវតែបង្កើតឡើងនៅក្នុងខែមេសា ដើម្បីត្រួតពិនិត្យបញ្ហានេះ។
គួរបញ្ជាក់ថា ការផ្តល់កំណើតក្នុងប្រទេសជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីឆ្នាំ២០២២។ បើយោងតាមការប៉ាន់ប្រមាណផ្លូវការ វាបានធ្លាក់ចុះក្រោម ៨០០,០០០នាក់ ជាចំនួនមួយខុសឆ្ងាយពីការរំពឹងទុករបស់រដ្ឋាភិបាល កាលពីជាង ៨ឆ្នាំមុន។ ទំនោរនៃការថយចុះភាគច្រើនទំនងជាកើតមានបន្ថែមទៀត ខណៈប្រជាជនដែលអាយុជាមធ្យមគឺ ៤៩ឆ្នាំក្នុងប្រទេសជប៉ុនមានចំនួនខ្ពស់បំផុតនៅលើពិភពលោក ដោយតាមពីក្រោយប្រទេសម៉ូណាកូ៕