(បាងកក)៖ នៅថ្ងៃចន្ទនេះ ប៉ូលិសបាននិយាយថា មនុស្ស ១១នាក់ដែលក្នុងនោះរួមមានទាំងកុមារពីរនាក់ ត្រូវឆេះស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអ្នកដំណើរនៅភាគកណ្តាលប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក យីងយស ប៉ុលដេច (Yingyos Poldej) បាននិយាយថា រថយន្តដែលដឹកមនុស្ស១២នាក់បានធ្វើដំណើរពីភាគឦសាន ខេត្តអាំណាត់ ឆារ៉ឺន (Amnat Charoen) ឆ្ពោះទៅកាន់ទីក្រុងបាងកក ដោយបើកចេញពីផ្លូវហាយវេក្នុងខេត្តណាខុន រាជសីម៉ា (Nakhon Ratchasima) កាលយប់ថ្ងៃសៅរ៍ចុងសប្តាហ៍។ មានតែបុរសម្នាក់ប៉ុណ្ណោះដែលអាចឡើងតាមបង្អួចរថយន្តចេញមកក្រៅបាន ប៉ុន្តែអ្នកដំណើរផ្សេងទៀតត្រូវជាប់ក្នុងរថយន្ត ហើយស្លាប់ក្នុងអណ្តាតភ្លើង។
ជនរងគ្រោះដែលនៅមានជីវិត ឈ្មោះ ថាណាឈីត គីងកែវ (Thanachit Kingkaew) អាយុ២០ឆ្នាំ ជានិស្សិត បាននិយាយថា «ខ្ញុំបានលឺសំលេងនរណាម្នាក់ស្រែក រួចក៏ភ្ញាក់ពីដំណេក ហើយរឿងបន្ទាប់ដែលខ្ញុំដឹងគឺឡានក្រឡាប់។ ក្រោយពេលមកភ្លើងបានឆាបឆេះរថយន្តទាំងមូល ដោយផ្តើមចេញពីផ្នែកខាងក្រោយ»។
គួរបញ្ជាក់ថា បើតាមមន្រ្តីប៉ូលិសរថយន្តនេះប្រើទាំងប្រេងឥន្ធនៈ និងហ្គាស ប៉ុន្តែរបាយការណ៍ដំបូងបានរកឃើញថាធុងហ្គាសមិនបានលេចធ្លាយនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងក្នុងប្រទេសថៃដែលមានច្បាប់ដ៏តឹងរ៉ឹងលើការបើកបរ ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនានា៕