(ឡុងដ៏)៖ ប្រធានក្រុមនិយោជកបាននិយាយនៅថ្ងៃចន្ទនេះថា អង់គ្លេសកំពុងស្ថិតនៅលើផ្លូវបរាជ័យដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយនាយករដ្ឋមន្ត្រី លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីជំរុញការវិនិយោគ ជួសជុលកង្វះកម្មករ និងជៀសវាងភាពចលាចលជុំវិញច្បាប់ក្រោយការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit។ នេះបើយោងាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

លោក ថូនី ដានឃឺ (Tony Danker) សមាជិកសហព័ន្ធនៃអគ្គនាយកឧស្សាហកម្មអង់គ្លេស បានសរសើរលោក ស៊ូណាក់ សម្រាប់ការលុបបំបាត់វិបត្តិថវិកាខ្នាតតូច ប៉ុន្តែបាននិយាយថាវិធានការនេះគឺនៅមិនទាន់សមស្របនឹងកំណែទម្រង់ដើម្បីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះទេ។

លោក ដានឃឺ បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលចង់បដិសេធយន្តការធ្វើចំណាកស្រុករួចបំពេញកំលាំងពលកម្មឡើងវិញ នោះការធ្វើអន្តរាគមន៍ទីផ្សារការងារគឺត្រូវតែមានភាពក្លាហានបំផុតជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ជឺរ៉េមី ហាន់ (Jeremy Hunt) ត្រូវបានគេរំពឹងថានឹងប្រកាសវិធានការគាំទ្រកំណើនសេដ្ឋកិច្ចនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីថវិកាជាតិ ក្នុងខែមីនា ឆ្នាំ២០២៣នេះ ប៉ុន្តែលោក ដានឃឺ បារម្ភថារដ្ឋាភិបាលអាចនឹងបង្អាក់កំណែទម្រង់របស់ខ្លួន ខណៈការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំ២០២៤ កាន់តែខិតជិតមកដល់៕