(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អំពើពុករលួយដែលជាបញ្ហារ៉ាំរ៉ៃរបស់ប្រទេសហើយកើតឡើងកាន់តែច្រើនក្រោយសង្រ្គាមប្រឆាំងរុស្ស៊ីនោះ នឹងមិនត្រូវបានអត់ឱនឲ្យឡើយ ខណៈការសម្រេចចិត្តសំខាន់ៗនាពេលខាងមុខស្តីពីការដកតំណែងមន្រ្តីមួយចំនួនក៏គ្រោងនឹងប្រកាសនៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

ការសន្យារបស់ លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលមានការចោទប្រកាន់ពីអំពើពុករលួយក្នុងចំណោមមន្រ្តីជាន់ខ្ពស់ រួមទាំងរបាយការណ៍នៃការអនុវត្តគួរឲ្យសង្ស័យនៅក្នុងជួរយោធា បើទោះបីជាក្រុមមន្ត្រីកំពុងសម្តែងការរួបរួមជាតិដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៉ីក្តី។

ក្នុងសុន្ទរថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ខ្ញុំ​ចង់​បញ្ជាក់ឲ្យច្បាស់នូវ​ចំណុចនេះថា ខ្ញុំនឹង​មិន​បណ្តោយឲ្យមេរៀនអតីតកាលវិលត្រឡប់​មក ដូចដែលមន្រ្តីធំៗបម្រើការឲ្យស្ថាប័ន​រដ្ឋ ឬ​អ្នក​ដែលបាន​ចំណាយ​ពេលពេញ​មួយ​ជីវិតដើម្បី​ដេញ​ចាប់តំណែង កំពុងធ្វើនោះទេ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «សប្តាហ៍នេះនឹងក្លាយជាពេលវេលាសម្រាប់ការសម្រេចចិត្តដ៏សមស្រប។ ការសម្រេចចិត្តត្រូវបានរៀបចំរួចរាល់ហើយ។ ខ្ញុំ​មិន​ចង់​បង្ហាញ​ជា​សាធារណៈ​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​វា​នឹង​មាន​ភាព​យុត្តិធម៌នៅពេលរឿងនេះត្រូវបានបញ្ចេញមក»

គួរបញ្ជាក់ថា អ៊ុយក្រែនមានប្រវត្តិដ៏យូរលង់នៃអំពើពុករលួយជាច្រើនសន្ធឹកសន្ធាប់ និងភាពរង្គោះរង្គើរក្នុងការអនុវត្តការងារសាធារណៈ និងការគ្រប់គ្រងធនធាន សាធារណៈ ដោយអង្គការតម្លាភាពអន្តរជាតិបានចាត់ចំណាត់ថ្នាក់អំពើពុករលួយសម្រាប់អ៊ុយក្រែននៅលេខរៀងទី១២២ ក្នុងចំណោម ១៨០ប្រទេស ដែលវាមិនល្អជាងរុស្ស៊ីក្នុងឆ្នាំ២០២១ នោះទេ៕