(ឡូសអេនជឺលេស)៖ អាជ្ញាធរប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ០៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីយប់ថ្ងៃសៅរ៍ នៅក្លឹបរាំមួយក្នុងទីក្រុងឡូសអេនជឺលេស ខណៈការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន បានទាក់ទាញមនុស្សរាប់ពាន់នាក់ទៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងប្រមាណ ១០ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី២១ មករា នៅក្នុងក្លឹបរាំមួយតាមបណ្តោយផ្លូវ Garvey នៃឧទ្យាន Monterey Park។
ទោះជាយ៉ាងណាព័ត៌មានលម្អិតបន្ថែមទៀត សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ។
នាយកដ្ឋានតម្រួតទីក្រុងឡូសអេនជឺលេសបាននិយាយថា ជនសង្ស័យនៅក្នុងការបាញ់ប្រហារនេះ គឺជាបុរស។
សាក្សីម្នាក់បានប្រាប់កាសែត Los Angeles Times ថា មនុស្សបីនាក់បានរត់ចូលទៅក្នុងភោជនីយដ្ឋានរបស់គាត់ ហើយប្រាប់គាត់ឱ្យចាក់សោទ្វារ ខណៈដែលមានបុរសម្នាក់កាន់កាំភ្លើងធំស្វ័យប្រវត្តិដែលមានគ្រាប់ជាច្រើន។
គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានចូលរួមពិធីបុណ្យចូលឆ្នាំចិននៅឯឧទ្យាន Monterey Park ស្ថិតចម្ងាយត្រឹម ១៦គីឡួម៉ែទពីទីក្រុង Los Angeles។ វាជាទីប្រជុំជនមានប្រជាជនរស់នៅប្រហែល ៦០,០០០នាក់ ដោយភាគច្រើនពួកគេជាជនជាតិអាស៊ី៕