(ប៉េកាំង)៖ ប្រទេសចិន បានរាយការណ៍ឱ្យដឹងថាមនុស្សជិត ១៣,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករានេះ បន្ទាប់ពី មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនម្នាក់បានទទួលស្គាល់ថាប្រជាជនចិនមួយភាគធំ បានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក្នុងប្រទេសចិន បានឱ្យដឹងថាអ្នកជំងឺសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ៦៨១នាក់ បានស្លាប់ដោយសារមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរដែលបង្កឡើងដោយកូវីដ១៩ និង១១,៩៧៧នាក់ បានស្លាប់ដោយសារជំងឺដទៃទៀតលាយឡំនឹងការឆ្លងកូវីដ១៩។

មជ្ឈមណ្ឌលនេះដដែលបានបញ្ជាក់ដែរថា តួលេខខាងលើមិនបានរាប់បញ្ចូលអ្នកដែលស្លាប់ដោយសារកូវីដ១៩ នៅតាមផ្ទះនោះទេ។ លើសពីនេះទៅទៀត ការប្រកាសតួលេខអ្នកស្លាប់ នេះទៀតសោត កើតមានឡើងក្រោយ នាយផ្នែកជំងឺឆ្លងមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក្នុងប្រទេសចិន គឺលោក Wu Zunyou បាននិយាយថា ៨០ភាគរយនៃ ប្រជាជនចិនបានឆ្លងកូវីដ១៩៕