(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា កំពុងពិចារណាលើការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន នៅខែកុម្ភៈក្រោយនេះ ដើម្បីជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានជប៉ុន យ៉ូមីយូរិ (Yomiuri) នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

សារព័ត៌មាន Yomiuri ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជប៉ុនជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ Yomiuri បានឱ្យដឹងទៀតថា ក្នុងនាមជាប្រធាននៃក្រុមប្រទេស G7 ក្នុងឆ្នាំ២០២៣នេះ ជប៉ុនចង់បង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការរក្សានូវការគាំទ្រសម្រាប់អ៊ុយក្រែន ហើយក៏មានបំណងចេញផ្សាយសេចក្ដីថ្លែងការណ៍រួម ជាមួយទីក្រុងកៀវ ដើម្បីថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីផងដែរ។

បើតាមសារព័ត៌មានជប៉ុនដដែល លោក គីស៊ីដា នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយថាតើលោកគួរតែបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ឬក៏យ៉ាងណាដោយអាស្រ័យលើស្ថានភាព សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែខាងក្រសួងការបរទេសជប៉ុន មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់សារព័ត៌មាន Yomiuri។

មួយវិញទៀត ថ្លែងនៅក្នុងកម្មវិធីមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអាទិត្យនេះ លោក សេជិ គីខារ៉ា (Seiji Kihara) នាយខុទ្ទការល័យរងនៃរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថាគំនិតជុំវិញ ការបំពេញទស្សនកិច្ចរបស់លោក គីស៊ីដា គឺជារឿងមួយដែលជប៉ុនត្រូវពិចារណា ក្នុងនាមជាប្រធាន G7 ក្នុងឆ្នាំ២០២៣នេះ។ តែយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា មកទល់នឹងពេលនេះ មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានប្រាប់លោក ហ្សេលេនស្គី នៅក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទថាលោកអាចនឹងពិចារណាលើ ការអញ្ជើញរូបលោកឱ្យបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ បើកាលៈទេសៈអំណោយផល។ ជប៉ុន ក្នុងឆ្នាំ២០២៣នេះគឺជាប្រធានក្រុមប្រទេស G7 ហើយនឹងត្រួវធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពុងក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា (Hiroshima) នៅខែឧសភាខាងមុខ។ ក្រុមប្រទេស G7 មានសមាជិកដូចជា ជប៉ុន សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង និងអ៉ីតាលី៕