(កៀវ)៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនលោក មីខាយឡូ ប៉ូដូយ៉ាក់ (Mykhailo Podolyak) នៅថ្ងៃសៅរ៍នេះបានជំរុញឲ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ «គិតគូរឲ្យបានលឿន» អំពីការបង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីពួកគេមិនបានយល់ព្រមលើការបញ្ជូនរថក្រោះប្រយុទ្ធដែលខ្លួនចង់បាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

លោក ប៉ូដូយ៉ាក់ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «អ្នកអាចជួយអ៊ុយក្រែននូវសព្វាវុធដ៏ចាំបាច់ ហើយយើងដឹងថាគ្មានជម្រើសផ្សេងទៀតដើម្បីបញ្ចប់សង្គ្រាមទេ លើកលែងតែការបរាជ័យរបស់រុស្ស៊ី។ ប៉ុន្តែការមិនសម្រេចចិត្តថ្ងៃនេះកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន។ រាល់ថ្ងៃ ការពន្យារពេលគឺជាការស្លាប់របស់ជនជាតិអ៊ុយក្រែន។ ដូច្នេះសូមគ្រប់គ្នាគិតឲ្យបានលឿនជាងមុន»

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅក្នុងសប្តាហ៍នេះ បានសន្យាផ្តល់ជំនួយយោធាថ្មីចបន្ថែមទៀតក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ប៉ុន្តែឯកភាពគ្នាលើការបញ្ជូនរថក្រោះ Leopard 2 ដែលផលិតដោយប្រទេសអាល្លឺម៉ង់ ដែលទីក្រុងកៀវបានស្វែងរកជាយូរមកហើយ ក្នុងអំឡុងសន្និសីទនៅឯមូលដ្ឋានទ័ពអាកាសរ៉ាំស្តែន (Ramstein) កាលពីថ្ងៃសុក្រសប្តាហ៍នេះទេ៕