(វ៉ាស៉ីនតោន)៖ នាពេលនេះ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកកំពុងផ្តល់ការណែនាំឱ្យអ៊ុយក្រែន គួររង់ចាំសិនជុំវិញបំណងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី រហូតទាល់តែការផ្គត់ផ្គង់សព្វាវុធថ្មីៗចុងក្រោយបំផុតបានទៅដល់ដៃ ហើយទទួលបានការបំពាក់បំប៉នសមត្ថភាព​បន្ថែម។ នេះប​ើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានបង្ហើបឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា កិច្ចពិភាក្សារបស់អាមេរិកជាមួយភាគីអ៊ុយក្រែន ស្តីពីគម្រោងបើកប្រតិបត្តិការវាយលុកតបតប្រឆាំងនឹងកងកម្លាំងរុស្ស៉ី គឺស្ថិតក្នុងបរិបទនៃការធានាឱ្យបានថា អ៊ុយក្រែនចំណាយ​ពេលវេលាគ្រប់គ្រាន់ជាមុនសិន ក្នុងការហ្វឹកហាត់ប្រើប្រាស់សព្វាវុធថ្មីៗ ដែលត្រូវបានផ្តល់ឱ្យពីសហរដ្ឋអាមេរិក។

បើតាមមន្រ្តីអាមេរិកខាងលើ ទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា ប្រតិបត្តិការវាយលុករបស់ទីក្រុងកៀវ នឹងអាចទទួលបានលទ្ធភាពជោគជ័យខ្ពស់ ប្រសិនបើកងទ័ពអ៊ុយក្រែន ទាញយកនូវគុណប្រយោជន៍នៃការហ្វឹកហាត់បន្ថែម ព្រមទាំងការប្រើប្រាស់សព្វាវុធថ្មីៗ ដែលពួកគេទទួលបាន។ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានលើកឡើងដែរថា អាមេរិកនៅតែប្រកាន់គោលជំហររបស់ខ្លួនដដែល ក្នុងការសម្រេចចិត្តមិនផ្តល់រថក្រោះប្រយុទ្ធ Abrams ឱ្យទៅអ៊ុយក្រែននាពេលនេះ។

គួរបញ្ជាក់ថា យ៉ាងណាក្តី ក្នុងសប្តាហ៍នេះ អាមេរិកបានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីទំហំរហូតដល់ ២.៥ពាន់លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែន​ដែលក្នុងនោះរួមមានទាំងរថពាសដែករាប់រយគ្រឿង ហើយនិងមីស៉ីល។ កាលពីពេលថ្មីៗនេះ ប្រតិភូជាន់ខ្ពស់អាមេរិក ដែលរួមមានអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) និងអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ហ្វាញណឺ (Jon Finer) ក៏បានស្ថិតនៅទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្រ្តីអ៊ុយក្រែនផងដែរ៕