(អ៉ីស្តង់ប៊ុល)៖ រដ្ឋមន្រ្តីការពារជាតិតួកគី លោក ហ៊ូលូស៉ី អាការ (Hulusi Akar) នៅថ្ងៃសៅរ៍នេះ បាននិយាយថា គម្រោងទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការពារជាតិស៊ុយអែត មកកាន់ទីក្រុងអង់ការ៉ាក្នុងខែនេះ គឺត្រូវបានភាគីតួកគីសម្រេចលុបចោល បន្ទាប់ពីអាជ្ញាធរស៊ុយអែតបាន​អនុញ្ញាត ឱ្យមានការធ្វើបាតុកម្មប្រឆាំងតួកគី នៅរដ្ឋធានីស្តុកខុលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

លោក អាការ បាននិយាយដូច្នេះថា «ឈានដល់ចំណុចនេះ​ គឺគម្រោងធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក ផាល ចនសុន (Pal Jonson) មកកាន់ប្រទេសតួកគីនៅថ្ងៃទី២៧ ខែមករា បានក្លាយជារឿងគ្មានន័យអ្វីទៀតឡើយ។ ហេតុដូច្នេះហើយ យើងបានសម្រេចលុបចោលផែនការទស្សនកិច្ចនេះតែម្តង»

លោករដ្ឋមន្រ្តីការពារជាតិតួកគី បានបន្ថែមថា លោកបានជជែកអំពីបញ្ហាខ្វះចំណាត់ការពាក់ព័ន្ធបាតុកម្មប្រឆាំងតួកគី នៅប្រទេសស៊ុយអែត ជាមួយប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ ហើយក៏បានពាំនាំប្រតិកម្មរបស់លោក អឺដូហ្កាន់ ប្រាប់សមភាគីស៊ុយអែតផ្ទាល់ផងដែរ។ បើតាមលោក អាការ វាគឺជារឿងមិនអាចទទួលយកបាននោះទេ ដែលភាគីស៊ុយអែតពុំធ្វើសកម្មភាព ឬបញ្ចេញប្រតិកម្មឆ្លើយតបសូម្បីបន្តិច ចំពោះបាតុកម្មទាំងនេះ។

គួរបញ្ជាក់ថា លោក ចនសុន បានគ្រោងធ្វើដំណើរមកកាន់ទីក្រុងអង់ការ៉ា នៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់សមភាគីតួកគី ខណៈរដ្ឋាភិបាលទីក្រុងស្តុកខុលសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលឱ្យតួកគីផ្តល់សច្ចាប័នបានឆាប់ៗ ចំពោះពាក្យស្នើសុំរបស់ខ្លួនក្នុងការ​ចូលជាសមាជិកនៃអង្គការណាតូ (NATO) ដែលត្រូវបានដាក់តាំងតែពីពាក់កណ្តាលឆ្នាំ២០២២៕