(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក​ លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃសុក្រថា ភាពតានតឹងហាក់មានការ​ថយចុះជាមួយចិន ខណៈដែលរូបលោកត្រៀមខ្លួនបំពេញទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

កំលុងវត្តមានក្នុងព្រឹត្តិការណ៍មួយ នៅសាកលវិទ្យាល័យឈីកាហ្គោ លោក ប្លីនខិន ត្រូវបានគេសួរថាតើ សីតុណ្ហភាពនៃទំនាក់ទំនងចិនបាន​ថយចុះដែរឬយ៉ាងណា រួចហើយលោករដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានឆ្លើយតបដូច្នេះថា «ខ្ញុំគិតថាគឺបែបនោះ ព្រោះនៅពេលយើងជួបសន្ទនានិងធ្វើប្រាស្រ័យទាក់ទងជាមួយគ្នា វាតែងតែមានឥទ្ធិពលយ៉ាងដូច្នោះ»

យោងតាមប្រភពពីក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក លោក ប្លីនខិន នឹងត្រូវបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នាថ្ងៃទី៥-៦ ខែកុម្ភៈខាងមុខនេះ ដែលវានឹងជាដំណើរទស្សនកិច្ចលើកដំបូងដោយ រដ្ឋមន្រ្តីការបរទេសអាមេរិកនៅឯប្រទេសចិន គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨មក។ ដំណើរទស្សនកិច្ចនេះត្រូវសម្រេចបាន ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានជួបពិភាក្សាគ្នាទល់មុខផ្ទាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី។

គួរបញ្ជាក់ថា យ៉ាងណាក្តី លោក ប្លីនខិន ក៏បានឆ្លៀតបង្ហាញក្តីបារម្ភជាថ្មី ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ផងដែរ។ រូបលោកបានគូសរំលេចអំពី ការខំប្រឹងប្រែងកាន់តែខ្លាំងរបស់ទីក្រុងប៉េកាង ក្នុងការដាក់សម្ពាធទៅលើទីក្រុងតៃប៉ិ ទាំងផ្នែកការទូតក៏ដូចជាយោធា ជាពិសេសសកម្មភាពធ្វើសមយុទ្ធយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ ចាប់តាំងពីខែសីហា ឆ្នាំទៅមិញ៕